ខេត្តព្រះវិហារ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ដែលមានសមាសភាពជា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិកសមាជិការរដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់ជាកម្លាំងចិត្តនិងចុះសួរសុខទុក្ខ និងចែកជូនថវិកា ព្រមទាំងសម្ភារៈប្រើប្រាស់នានា ជូនដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខដ៏អង់អាចក្លាហានបំផុត ដើម្បីការពារទឹកដីជាប់ព្រំដែនកម្ពុជា-ថៃ ក្នុង ខេត្តព្រះវិហារ នៅថ្ងៃសុក្រទី៤ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ដំណើរចុះសាកសួរសុខទុក្ខវីរកងទ័ពជួរមុខ នៅក្នុងឱកាសនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលតំណាងឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គាំទ្រលើកទឹកចិត្តបំផុត ជូនវីរកងទ័ពស្នេហាជាតិ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមយ៉ាងអង់អាចក្លាហានជាទីបំផុត លើកិច្ចការពារបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ម៉ឹងម៉ាត់និងគិតគូរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មិនឱ្យចោរបរទេសណាមួយ ឈ្លានពានទឹកដីកម្ពុជាបានមួយមីលីម៉ែត្រឡើយ។
មហាគ្រួសារខ្មែរ មានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៍សន្តិភាព ពោរពេញដោយបទពិសោធន៍ច្បាស់លាស់និងតែងតែទទួលបានជោគជ័យជារហូតមក ប្រឆំាង វាយបកចំពោះបរទេសឈ្លានពាន។ ដូចជាកាលពីឆ្នាំ២០០៨ ជាដើមនោះ ពួកបរទេរឈ្លានពានបានទទួលរងនូវបរាជ័យ និងក្តីអាម៉ាស់យ៉ាងធ្ងន់ធ្ងរបំផុត នៅលើឆាកអន្តរជាតិ។
កម្ពុជាស្រឡាញ់ និងប្រកាន់ខ្ជាប់នូវនយោបាយសន្តិភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងភូមិផងរបងជាប់គ្នាទំាងអស់។ កម្ពុជាធ្លាប់ហែលឆ្លងឆ្អែតឆ្អន់នូវការលំបាកឥតគណនាក្នុងភ្លើងសង្គ្រាម ដូច្នេះកម្ពុជាមិនប្រាថ្នាភ្លើងសង្គ្រាមណាមួយទៀតឡើយ។
នយោបាយសន្តិភាពត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាន់ខ្ជាប់រហូតមក។ នៅក្នុងនោះសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥កន្លងមក គឺបានគំាទ្រ យ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ចរចាតាមរយៈយន្តការដែលមានស្រាប់ និងនាំយកករណីក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុន្តែពួកក្រុមឈ្លានពាន ដែលចិញ្ចឹមមហិច្ឆតារំលោភបំពាននិងប្រមាថមើលងាយប្រទេសជិតខាង មិនទទួលយកនោះឡើយ ហើយបានពង្រីកបញ្ហាកាន់តែធំឡើង។
ប្រឈមនឹងការឈ្លានពាននៅចំពោះមុខបែបនេះ មហាគ្រួសារខ្មែរ បាននិងកំពុងរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រឆំាងទប់ទល់នឹងការ ឈ្លានពាន។ ប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេសជាខឿនការពារជាតិ ប្រជាជន នៅជាមួយវីរកងទ័ពស្នេហាជាតិជានិច្ច ដោយយកគំរូតាម សម្តេចតេជោ ហ៊ុន សែន ដែលតែងតែរួមសុខរួមទុក្ខ ជាមួយកងទ័ព និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលា គ្រប់កាលលំបាក។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទើបតែបញ្ចប់ បេសកកម្មលើកទឹកចិត្ត និងសួរសុខទុក្ខវីរកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការ នៅសមរភូមិជួរមុខ និងប្រជាជនដែលបានជម្លៀសចេញពីតំបន់ប្រឈម តាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ត ឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ ផងដែរ៕
ដោយ ៖ សិលា