មន្ទីររ៉ែ និងថាមពលបញ្ជាក់ថា អាជ្ញាធរនិងតំណាងក្រុមហ៊ុនបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំឱ្យរុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពរ៉ែមាសអនាធិបតេយ្យនេះរួចហើយកាលពីថ្ងៃទី២៩ ខែមិថុនា

ចែករំលែក៖

ខេត្តក្រចេះ : មន្ទីររ៉ែនិងថាមពលខេត្ដក្រចេះ បានចេញសេចក្ដីបំភ្លឺព័ត៌មានឆ្លើយតបនឹងការចុះផ្សាយថា “ទីតាំងរ៉ែមាសជាច្រើនកន្លែងកំពុងតែសម្រុកធ្វើសកម្មភាពយកមាសយ៉ាងអនាធិបតេយ្យនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្ដក្រចេះ”។ មន្ទីរបញ្ជាក់ថា អាជ្ញាធរនិងតំណាងក្រុមហ៊ុនបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំឱ្យរុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពរ៉ែមាសអនាធិបតេយ្យនេះរួចហើយកាលពីថ្ងៃទី២៩ ខែមិថុនា។ មន្ទីរនឹងបន្ដចុះតាមដាន ឃ្លាំមើល ក្នុងករណីប្រទះឃើញមានការប្រព្រឹត្ដបទល្មើសខាងលើទៀត មន្ទីរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ករណីនេះ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ សូមបញ្ជាក់ថាកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរបានទទួលដំណឹងអំពីការធ្វើសកម្មភាពរ៉ែមាសអនាធិបតេយ្យនៅក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន XING YUAN KANNG YEAK CO., LTD ស្ថិតនៅភូមិឧបសម្ព័ន្ធអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ពីអាជ្ញាធរមូលដ្ឋានរួចរាល់ហើយ ដោយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកមេភូមិឧបសម្ព័ន្ធអូរត្រូន និង តំណាងក្រុមហ៊ុនបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំអោយពួកគាត់ រុះរើសម្ភារៈ និងបញ្ឈប់ សកម្មភាពរ៉ែមាសអនាធិបតេយ្យនេះតទៅទៀតផងដែរ។

មន្ទីរសូមបញ្ជាក់ផងដែរថា បើទោះបីជាមានការណែនាំជាបឋម ពីអាជ្ញាធរមូលដ្ឋាន និងតំណាង ក្រុមហ៊ុនរួចហើយក្តី មន្ទីរនឹងបន្តចុះតាមដាន ឃ្លាំមើល ក្នុងករណីប្រទះឃើញមានការប្រព្រឹត្តបទល្មើស ខាងលើទៀត មន្ទីរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើ អាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាស ការងារនៅនឹងកន្លែង និងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការ បំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋាន តាមរយៈ ការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។

ឆ្លៀតឱកាសនេះ មន្ទីររ៉ែ និងថាមពលខេត្តក្រចេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុង ធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកមន្ទីរ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print