រឿង ភ្នែកនៅក្នុងចិត្ត(ត)

ចែករំលែក៖

ក្រោយថ្ងៃ ១៧ មេសា១៩៧៥ អ្វីៗ នៅក្នុងភូមិចាប់ផ្ដើមប្តូរផ្លាស់ ព្រោះមានប្រជាជនមិនដែលឃើញមុខជាបន្តបន្ទាប់ ទៅរស់នៅលើទួលមួយឆ្ងាយពីភូមិ។ ប្រជាជនក្នុងភូមិម្នាក់ៗ មមាញឹកតែយកខោអាវពណ៌មកជ្រលក់ឲ្យក្លាយជាពណ៌ខ្មៅទាំងអស់តាមបញ្ជារបស់មេភូមិ។ ប្រជាជនខ្លះទៀត រវល់តែរៀបចំឧបករណ៍ ស្រូវពូជ និងភ្ជួរស្រែ ព្រោះភ្លៀងដើមខែចាប់ផ្ដើមធ្លាក់មកជាបន្តបន្ទាប់។ ម្នាក់ៗ ផ្ចិតផ្ចង់នឹងការងារណាស់គ្មានពេលចាប់អារម្មណ៍នឹងវត្តមានរបស់មនុស្សចំណូលថ្មីទេ។ ចំណែកផ្ទះ អ៊ំជង់ ឪមិនខុសពីផ្ទះផ្សេងទៀតទេ គឺត្រូវប្រមូលផ្ដុំដោយមនុស្សបីបួនគ្រួសារកំពុងជ្រលក់ខោអាវ និងក្រណាត់ឲ្យប្រែទៅជាខ្មៅ។ អ៊ំជង់ និងប្រុសៗវ័យចំណាស់ពីរបីនាក់កំពុងតែកាត់សំបកដើមគ សំបកស្មាច់ និងសំបកឈើផ្សេងៗទៀត ដែលមានជ័រខ្មៅៗទៅត្រាំក្នុងទឹក។ អ្នកខ្លះទៀតនាំគ្នាជួសជុលរនាស់ និងនង្គ័ល។ ឯមីងភូ និងស្រីៗឯទៀតដាំទឹកកូរហើយជ្រលក់ខោអាវក្រណាត់។ កល្យាណ សោភ័ណនិងក្មេងស្រីជំទង់ៗ យកខោអាវក្រណាត់ទៅហាល ខ្លះបត់ខ្លះថែមទាំងហាលស្រូវ និងរៀបពូជស្រូវដែរ។ ឯសត្យា និងក្មេងៗផ្សេងទៀតនាំគ្នារត់លេងយ៉ាងសប្បាយ។ សោភ័ណ ពេលឃើញកងទ័ពនាំមនុស្សចូលក្នុងភូមិ ក៏កើតចិត្តនឹកក្រែងមានម៉ាក់ប៉ារបស់ខ្លួនដែរ។ សោភ័ណ ពេលមើលឃើញកងទ័ពកំពុងតែរវល់ជជែកអួតកាំភ្លើងគ្នា ក៏បានដើរលបៗ ទៅខាងមុខផ្លូវ។ ចៃដន្យ វិចិត្រ មើលឃើញ សោភ័ណ ក៏ដើរទៅសម្លុតថា នាងភ័ណចង់ទៅណា? សោភ័ណ បែរមើលទៅចំភ្នែក វិចិត្រ ដែលកំពុងសម្លឹងចម្រង់មករកខ្លួន។ សោភ័ព ភ័យពេកយកដៃក្តោបពោះ ទើបវិចិត្រគិតថា សោភ័ណ ចង់ទៅបន្ទប់ទឹកហើយចង្អុលឱ្យទៅក្រោយផ្ទះសោភ័ណ មិនហ៊ាននិយាយអ្វីក្រៅពីងក់ក្បាល។ ពេលនាងដើរត្រឡប់ទៅវិញ តែភ្នែករបស់នាងក្រឡេកទៅមើលកងទ័ពដែលនាំមនុស្សដើរតាមផ្លូវ។ វិចិត្រ ដឹងថាសោភ័ណ ចង់ដឹងដំណឹងពីពុកម៉ែជាមិនខានឡើយ បានមានអាកប្បកិរិយាដូច្នេះ។ វិចិត្រ បានដើរទៅមុខផ្លូវ រួចឆ្លៀតសួរទៅកងទ័ពដូចគ្នាបានដឹងរឿងសព្វគ្រប់រួចត្រឡប់ទៅកន្លែងកងទ័ពក្មេងៗ ពីរនាក់ដែលនៅក្បែរសោភ័ណ្ឌ។ តាមពិត វិចិត្រ មិនមែនយល់ច្បាប់ភ្លេចឪពុកម្ដាយសាច់ញាតិបងប្អូនទេ ប៉ុន្តែវិចិត្រត្រូវខ្មែរក្រហមបង្វឹកឲ្យស្មោះស្ម័គ្រនឹងកងទ័ពមិនយល់ញាតិទើបវិចិត្រចចែសរឹងរូសបែបនេះ។ វិចិត្រ ចងចាំទាំងអស់ការគ្រាដើរលេងនៅប្រាសាទអង្គរវត្តជាមួយនឹងសោភ័ណ ប៉ុន្តែ វិចិត្រ ធ្វើជាមិនស្គាល់ មិនចងចាំអ្វីទាំងអស់ ព្រោះមិនចង់ឲ្យមនោសញ្ជេតនារបស់ខ្លួនកាន់តែកើតឡើង។ វិចិត្រ បានដើរទៅក្បែរកងទ័ពផ្សេងទៀតដែលមានវ័យក្មេងជាងខ្លួនបន្តិច រួចនិយាយថា ឯងគិតថាក្នុងចំណោមជនជម្លៀសទាំងអស់នេះមានពុកម៉ែឯងទេ? ធ្វើម៉េចមាន បើគាត់រវល់តែការងារគាត់? កងទ័ពក្មេងទាំងនោះតបទៅ វិចិត្រវិញទាំងឆ្ងល់។ ត្រូវ! គ្មានទេពុកម៉ែនាងក៏គ្មានដែរ? វិចិត្រ និយាយផងទាំងដៀងភ្នែកមើលទៅរកនារីដែលបត់ខោអាវនៅក្បែរនោះ។ បើដឹងអ៊ីចឹង សួរយើងដែរ? កងទ័ពទាំងពីរនោះឆ្លើយរួចក៏នាំគ្នាដើរចេញទៅ។ នារីៗ ក្បែរនោះពេលស្ដាប់ឮដូច្នោះ ហួសចិត្តរួចសើចតិចៗ។ សោភ័ណ ចង់សើចដែររួចភ្លាត់ដៃធ្វើឱ្យពំនូកខោអាវដួល ហើយត្រូវកងទ័ពក្មេងៗទាំងនោះគំហកដាក់ឲ្យ ទើបនាងរវៀសរវៃរើសយកខោអាវមករៀបសាជាថ្មីទៀត។ នារីៗ ស្ងាត់មាត់ហើយ សោភ័ណ លួចមើលមុខវិចិត្រទាំងញញឹម ព្រោះសោភ័ណបានដឹងពីបំណងរបស់វិចិត្រ។ វិចិត្រ ឃើញ សោភ័ណ មើលមកខ្លួនក៏នឹកខ្មាស់នាងរួចក៏ដើរចេញទាំងទឹកមុខរហូតក្រហមព្រឿងៗបាត់ទៅ។
រាត្រីខែភ្លឺបានជះពន្លឺចូលតាមបង្អួច សោភ័ណ ដេកមិនលក់សោះ។ នាងរសាប់រសល់ដេកមិនលក់ធ្វើឲ្យកល្យាណភ្ញាក់។ សោភ័ណ ក្រោកអង្គុយហើយកល្យាណ ក៏ក្រោកអង្គុយដែរ រួចនាំគ្នាជជែកថា
កល្យាណ÷ មីងដឹងថាក្មួយបារម្ភពីម៉ាក់ប៉ា…តែក្មួយមិនត្រូវអត់ងងុយបែបនេះទេ ព្រោះអាចធ្វើឲ្យក្មួយឈឺបាន។ ណាមួយយើងត្រូវមានការងារធ្វើច្រើនទៀតនៅថ្ងៃស្អែក ។ កល្យាណ និយាយរួចបែរមើលទៅគ្រួសាររបស់ អ៊ំជង់ ។
សោភ័ណ÷ មីងៗ មិនឱ្យខ្ញុំបារម្ភយ៉ាងម៉េចបាន បើដូចប៉ា…សោភណ្ឌនិយាយមិនទាន់ចប់ផងកល្យាណបានយកដៃក្តោបមាត់ក្មួយភ្លាម។
កល្យាណ÷ ក្មួយមិនត្រូវរំលឹកពីឈ្មោះប៉ាទេ ប្រយ័ត្នមានអ្នកណាឮយើងច្បាស់ជាវីវរធំហើយ។
សោភ័ណ÷ ខ្ញុំគ្រាន់តែចង់ដឹងថាគាត់នៅឯណា? សោភ័ណ្ឌ ដកដៃមីង ចេញព្រមទាំងយំតិចៗ។
កល្យាណ÷ តើយើងធ្វើម៉េចទើបអាចដឹងបានបើកងទ័ពច្រើនយ៉ាងនេះ? កល្យាណ យកដៃទាំងពីរទប់ស្មារបស់ក្មួយឲ្យបែរមកនិយាយចំមុខគ្នា ហើយអ៊ំជង់ ក៏កម្រើកខ្លួន។
អ៊ំជង់÷ ក្មួយកុំបារម្ភអី ស្អែកពេលដែលវិចិត្រយកស្បៀងទៅសហករណ៍ ចាំអ៊ំឲ្យ វិចិត្រ ជួយស៊ើបរកឱ្យ។ ឆាប់ដេកទៅក្មួយព្រោះស្អែកឡើងយើងមានការងារធ្វើច្រើនទៀត។ អ៊ំជង់ តបពីកន្លែងដេកដែលនៅមិនឆ្ងាយប៉ុន្មានពីគ្នា។(នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print