ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាព បាននិងកំពុងផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់ប្រទេសកម្ពុជាធ្វើការអភិវឌ្ឍលើគ្រប់វិស័យពិសេសគឺ សន្តិសុខស្បៀង ដូចនេះ យើងមិនត្រូវធុញទ្រាន់ជាមួយពាក្យ «សន្តិភាព» នោះឡើយ ហើយអ្នកខ្លះអាចជេរ រិះគន់រាជរដ្ឋាភិបាលតាមហ្វេសប៊ុកបានក៏ដោយសារកត្តាសន្តិភាពផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកខ្លះ សម្តែងការធុញទ្រាន់ ដោយគ្រាន់តែលឺពាក្យថា «អរគុណសន្តិភាព» ប៉ុន្តែ ពួកគេមិនដែលដឹងថា សង្រ្គាម បានបង្កផលលំបាក យ៉ាងណាសម្រាប់ជាតិនិងប្រជាជន ដូចដែលកំពុងកើតឡើងនៅតាមបណ្តាប្រទេសមួយចំនួនលើ ពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា អ្នកដែលធុញពាក្យសន្តិភាព និងមិនទទួលស្គាល់គុណតម្លៃនៃសន្តិភាពនោះ សូមសាកល្បងទៅរស់នៅក្នុងតំបន់ដែលមានសង្រ្គាមទៅ នោះនឹងបានដឹងថា មានស្ថានភាពលំបាកយ៉ាងណាហើយ។
សម្ដេចធិបតី បង្ហើបថា ល្ងាចនេះ អ្នកជំនាញច្បាប់មកពីអន្តរជាតិ នឹងមកដល់កម្ពុជា ដើម្បីធ្វើការលើបណ្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកថា ៖ កម្ពុជា រង់ចាំអ្នកមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃ ដើម្បីជជែកលើបញ្ហាព្រំដែនជាមួយគ្នា!
សម្ដេចនាយករដ្ឋមន្ត្រី ព្រមានថៃថា កុំចោទ ទម្លាក់កំហុសដាក់កម្ពុជាទៀត បច្ចុប្បន្នកម្ពុជានឹងតបតវិញ ព្រោះកម្ពុជាអត់ធ្មត់យូរមកហើយ។
សម្ដេចធិបតីរំលឹកថា ៖ នៅកម្ពុជា នាយករដ្ឋមន្ត្រីចេញបញ្ជាគឺទទួលខុសត្រូវ មិនលឹបលៗឡើយ ។
ក្នុងតួនាទីជានាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា បើសម្ដេចចេញបទបញ្ជាហើយ គឺបញ្ជាដាច់ណាត់ ច្បាស់ការ ទទួលខុសត្រូវគ្រប់យ៉ាង មិនលឹបលដូចថៃឡើយ។ សម្ដេចធិបតី អះអាងដូច្នេះ នៅថ្ងៃទី០១ ខែកក្កដា។
សម្ដេច ហ៊ុន ម៉ាណែត ដូច្នេះ៖« កម្ពុជាយើងតាំងពីដើមមកដល់នេះ សំឡេងអត់មានច្រើនទេ សំឡេងនៃការបើក ការបិទ។ សម្ដេចប្រធានព្រឹទ្ធសភា លោកបញ្ចេញមតិទាក់ទងនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្តនយោបាយ បញ្ជាស្ថាប័នរដ្ឋ គឺនាយករដ្ឋមន្ត្រី ហើយខ្ញុំអត់បញ្ជាលេងសើចទេ ខ្ញុំដាក់ក្នុងហ្វេសប៊ុករបស់ខ្ញុំ។ ហេតុអ្វី? ខ្ញុំអត់ខ្លាចទេ! ខ្ញុំមិនមែនឱ្យខេត្តចេញទៅ ហើយខ្ញុំយករួចខ្លួន ថាខ្ញុំអត់ដឹងទេ ខ្ញុំដាក់ថាខ្ញុំបញ្ជារតែម្ដង ដើម្បីឱ្យមន្ត្រីកម្ពុជា គាត់អនុវត្តមានភាពកក់ក្ដៅ។ មេទ័ពក្រវីទង់នៅមុខ បើមានរឿងអីយើងនឹងទទួលខុសត្រូវ មិនមែនលឹបលរឿងបែបនេះទេ» ៕
ដោយ ៖ សិលា