ខេត្តកំពង់ចាម ៖ សពយុវជនម្នាក់ដែលលោតពីលើស្ពានកោះប៉ែន ស្ថិតនៅភូមិព្រែកដើមចន្ទ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពី ៣ ថ្ងៃមុន បានរសាត់អណ្ដែតលើផ្ទៃទឹកទន្លេមេគង្គ រហូតដល់ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណជិត១០០គីឡូម៉ែត្រ ។
មន្ត្រីនគរបាលបានឲ្យដឹងនៅព្រឹកថ្ងៃទី០១ខែកក្កដា ឆ្នាំ ២០២៥ នេះថា បន្ទាប់ពីមានករណីយុវជនម្នាក់ដែលបានលោតទឹកធ្វើអត្តឃាតពីលើស្ពានកោះប៉ែន បង្កឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាក្មេងចាស់ប្រុសស្រីនាំគ្នាចោមរោមមើលតាមបង្កាន់ដៃស្ពាន កាលពី៣ថ្ងៃមុន លុះនៅល្ងាចថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់រសាត់ អណ្ដែតទើរនៅច្រាំងទន្លេ ក្នុងមូលដ្ឋានទឹកដីស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ហើយបានរាយការណ៍មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមរយៈរូបភាពសាកសព ត្រូវបានក្រុមគ្រួសារសាច់ញាតិបញ្ជាក់ថា នោះពិតជាសពជនរងគ្រោះឈ្មោះឌីណា ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិយកមកធ្វើបុណ្យនៅវត្តកោះប៉ែនឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
គួររំលឹកថា កាលពីវេលាម៉ោង៧និង១៦នាទីយប់ថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស បានទទួលព័ត៌មានថា មានករណីយុវជនម្នាក់លោតទឹកនៅចំនុចលើស្ពានកោះប៉ែន ស្ថិតនៅភូមិព្រែកដើមចន្ទ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បន្ទាប់ពីបានទទួលពត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ ពិតជាមានមនុស្ស លោតទឹកស្ពានប្រាកដមែន។
សមត្ថកិច្ចបានប្រាប់បន្តឲ្យដឹងទៀតថា នៅកន្លែងដែលយុវជនលោតទឹកធ្វើអត្តឃាតុពីលើស្ពាននោះ បន្សល់ទុកម៉ូតូ១គ្រឿងម៉ាក Beat(ពណ៍ក្រហម) ទូរស័ព្ទម៉ាក I phone ស្បែកជើង១គូ ខោខូវប៊វជើងវែង។ ដោយមាន ការបញ្ជាក់ពីក្រុមគ្រួសារបានដឹងថា បុរសដែលលោត ទឹកនោះមានឈ្មោះ វ៉ែន ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្រោយកើតហេតុ ក្រុមគ្រួសារសាច់ញាតិក៏បានជួលទូកម៉ាស៊ីនរបស់បងប្អូនខ្មែរអ៊ិស្លាមឱ្យជួយតាមរក ដោយមានបញ្ចាំងភ្លើងគោមនៅផ្នែកខាងក្រោមស្ពានកោះប៉ែន ខណៈពេលដែលទឹកទន្លេមេគង្គកំពុងតែហូររហូតដល់វេលាម៉ោងជាង៨យប់ថ្ងៃដដែល យុវជននោះមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។
បើតាមក្រុមគ្រួសារសាច់ញាតិយុវជនរងគ្រោះបានប្រាប់ឱ្យដឹងថា មូលហេតុដែលជនរងគ្រោះគិតខ្លីបែបនេះ គឺដោយសារមានជំងឺបាក់ទឹកចិត្ត ហើយធ្វើការងារអ្វីមិនបានជាប់លាប់នោះទេ លុះរយៈពេលចុងក្រោយក៏បានសម្រេចចិត្តធ្វើអត្តឃាតលោតពីលើស្ពានកោះប៉ែន បញ្ចប់ជីវិតតែម្ដង។
សូមបញ្ជាក់ថា ករណីយុវជនម្នាក់ខាងលើលោតទឹកពីលើស្ពានកោះប៉ែននេះគឺជាករណីទី២ហើយ ដែលករណីទី១គឺមនុស្សស្រី ៕