ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតបង្រ្កាបក្មេងទំនើង (បង្ហោះម៉ូតូ)
នៅចំណុចផ្លូវបេតុង ច្រកចូលសាលាក្រុងបាវិត យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងធ្វើការដកហូតម៉ូតូជាបណ្ដោះអាសន្ន ចំនួន៣ខែ ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនៅព្រឹកថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥នេះថា ក្មេងទំនើងទាំងនោះមាន ១-ឈ្មោះធឿន ចំរើន អាយុ១៧ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ២-ឈ្មោះណេង ផាន់ណា អាយុ១៥ឆ្នាំ ស្រុកកំណើតភូមិក្បាលជ័រ ឃុំសម្បុក ស្រុកចិត្របុរី ខេត្តក្រចេះ។៣-ឈ្មោះ ម៉ុង ដែន អាយុ២៣ឆ្នាំ ស្រុកកំណើតភូមិព្រៃភូមិ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។៤-ឈ្មោះអ៊ាង សុផុន អាយុ១៨ឆ្មាំ ស្រុកកំណើតភូមិកាគុត ឃុំសម្បុក ស្រុកចិត្របុរី ខេត្តក្រចេះនិងទី៥-ឈ្មោះ ចំរើន សាវដេត អាយុ១៥ឆ្នាំ ស្រុកកំណើតភូមិថ្មី ឃុំពារាំង ស្រុកលើកដែក ខេត្តកណ្តាល ។
ប្រភពដដែលបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៦និង១០នាទី សមត្ថកិច្ចនគរបាលទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចផ្លូវបេតុង ច្រកចូលសាលាក្រុងបាវិត ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត មានក្មេងបង្ហោះម៉ូតូ ។ ភ្លាមនោះ ដោយមានបទបញ្ជាពីលោកអធិការនគរបាលក្រុង កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះបង្ក្រាប និងឃាត់ខ្លួនបានក្មេងទំនើងចំនួន៥នាក់ (ប្រុស) ជាកម្មករដឹកម្ហូប និងធ្វើការនៅហាងចិនក្នុងក្រុងបាវិត រួមនឹងវត្ថុតាងម៉ូតូចំនួន២គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1U-0455 និងស្វាយរៀង 1H-9652 ។
ក្រោយមកសមត្ថកិច្ចនគរបាលបានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងធ្វើការដកហូតម៉ូតូជាបណ្ដោះអាសន្ន ចំនួន៣ខែ ផងដែរ៕