សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើនរណាជាអ្នកកាន់កូនសោរបិទ-បើកច្រកព្រំដែនកម្ពុជា-ថៃ?

ចែករំលែក៖

ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ គឺដើរតាមក្រោយប្រទេសថៃ ប៉ុណ្ណោះ។ សម្តេចថា បើកម្ពុជាបិទ គឺបិទជាអចិន្ត្រៃយ៍ រហូតដល់ស្ថានភាពច្រកព្រំដែនបើកដំណើរការជាប្រក្រតីឡើងវិញដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១កក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋខ្មែរ-ថៃ ដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែននេះ ពីព្រោះបញ្ហានេះមិនមែនកម្ពុជាជាអ្នកចាប់ផ្តើមមុននោះទេ ហើយកូនសោរក៏មិនមែនស្ថិតនៅក្នុងដៃកម្ពុជានោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមលេងល្បែងនយោបាយបិទច្រកព្រំដែននោះទេ ព្រោះវិធានការបិទច្រកព្រំដែនបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទាំងសងខាង ហេតុដូច្នេះ បើថៃចង់បើកច្រកព្រំដែនឡើងវិញ ត្រូវបើកដោយឯកតោភាគី ដោយមិនបាច់មកសុំចរចារជាមួយកម្ពុជានោះទេ។ សម្តេចថា ក្នុងករណីថៃបានឯកភាពផ្ទៃក្នុងថា បើកច្រកព្រំដែនទាំងអស់ឡើងវិញ គឺកម្ពុជានឹងបើកតាមក្រោយយូរបំផុតត្រឹមរយៈពេល ៥ម៉ោង ប៉ុណ្ណោះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសថៃជាអ្នកកាន់កូនសោរពិតប្រាកដនៅច្រកព្រំដែន ពីព្រោះនៅថ្ងៃទី ២៤មិថុនា នាយករដ្ឋមន្ត្រីថៃថាបិទ ហើយនៅថ្ងៃទី២៥ ខែមិថុនា មន្ត្រីច្រកព្រំដែនថៃបានទាញទ្វារបិទ។ នៅល្ងាចថ្ងៃដដែល បែរជាក្រសួងការបរទេសថៃប្រកាសថា អត់បិទទេ។ ត្រង់ចំណុចនេះ សម្តេចបានចោទសួរថា ចុះការសែតចុះផ្សាយលើពិភពលោកព្រោងព្រាតថា ថៃប្រកាសបិទច្រកព្រំដែនហើយ រឿងនេះពិភពលោកដឹងលឺទាំងអស់។ តែបែរភាគីថៃថា គ្មានបិទច្រកព្រំដែនទេ បន្ទាប់មកយោធាថៃបានបើកច្រកព្រំដែនវិញ តែមិនឱ្យមនុស្ស និងរថយន្តចេញ-ចូលដដែល?

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅភាគីថៃថា តើបើកច្រកនេះគ្រាន់តែលម្អ ឬយ៉ាងណា? គឺកម្ពុជាអត់លេងល្បែងនយោបាយមួយនេះទេ ម្តងបិទ ម្តងបើក ដោយឯកតោភាគីស្រេចតែអំពើចិត្ត ហើយនេះជាវិធានការដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដល់ប្រជាជនទាំងពីរ។ សម្តេចធិបតី ប្រាប់ភាគីថា កម្ពុជាមានសម្លេងឯកភាពគ្នាតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម នាយករដ្ឋមន្ត្រីប្រកាសដូចម្តេច គឺថ្នាក់ក្រោមគោរពអនុវត្តតាមបែបនោះ ហើយបើមានបញ្ហានាយករដ្ឋមន្ត្រីថ្នាក់លើជាអ្នកទទួលខុសត្រូវនៅចំពោះមុខប្រជាជនតែម្តង។
សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងទៅ រដ្ឋាភិបាលបានជំរុញការអភិវឌ្ឍន៍ចំពោះតែខេត្តគោលដៅមួយចំនួន ដូចជា ភ្នំពេញ សៀមរាម ព្រះសីហនុ និងភាគឦសានប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយមានជម្លោះព្រំដែនជាមួយថៃ និងរងការគំរាមកំហែងបិទការនាំផលិតផលកសិកម្ម និងពាណិជ្ជកម្មមួយចំនួនមក សម្ដេចបានបញ្ជាឱ្យក្រុមការងារជំនាញរៀបចំគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍន៍កសិឧស្សាហកម្ម និងឧស្សាហកម្ម នៅខេត្តភាគខាងលិច រួមមាន ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីបង្កើតការងារ និងជំរុញការនាំចេញទៅកាន់ទីផ្សារថ្មីៗ។
សម្ដេច បន្ថែមបែបនេះថា៖«កសិកម្ម មិនត្រឹមតែនិយាយពីការដាំដុះហើយលក់ជាផលិតផលវត្ថុធាតុដើមនោះទេ ត្រូវតែឈានដល់ការអភិវឌ្ឍន៍កសិឧស្សាហកម្ម។ ត្រូវជំរុញការកែច្នៃក្នុងប្រទេស ដើម្បីរុញការនាំចេញទៅក្រៅ ដើម្បីធ្វើពិពិធកម្ម។ ខេត្តខាងលិចរបស់យើង មាន បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ គឺត្រូវជំរុញការងារបែបនេះ ដើម្បីធានាការងារ ដើម្បីធានាដល់ការជំរុញការនាំចេញ»។
បើតាមប្រមុខរដ្ឋាភិបាល ការងារកសិកម្ម កម្ពុជាមិនអាចកាត់ផ្ដាច់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងបានឡើយ។ ប៉ុន្តែ កម្ពុជាក៏ត្រូវធ្វើពិពិធកម្មទីផ្សារ និងដៃគូថ្មីៗ ដើម្បីរកដង្ហើមដកដោយខ្លួនឯង ជាជាងពឹងដង្ហើមគេដក។
«ការងារកសិកម្ម កម្ពុជាមិនអាចកាត់ផ្ដាច់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងបានឡើយ។ ប៉ុន្តែ កម្ពុជាត្រូវតែធ្វើពិពិធកម្មដៃគូ ដូច្នេះ ប្រសិនបើ កន្លែងណាមានបញ្ហា កុំឱ្យថប់ស្លាប់នៅកន្លែងហ្នឹង កុំខ្ចីដង្ហើមគេដក។ យើងត្រូវដកដង្ហើមខ្លួនឯងឱ្យបានច្រើន បូករួមទាំងការរកដៃគូមកធានាឱ្យបានច្រើន»។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print