ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ភាគីថៃ តែងតែចោទទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាគ្រប់រឿង សូម្បីតែការធ្វើបាតុកម្មនៅថៃ ក៏ថៃចោទថាកម្ពុជាជាអ្នករៀបចំផងដែរ ដែលប្រការនេះ គឺជារឿងឆោតល្ងង់និងគួរឱ្យអស់សំណើចជាទីបំផុត។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាគីថៃ បានចោទថា កម្ពុជា មិនព្រមបើកទ្វារច្រកឱ្យឡានទំនិញពីថៃឆ្លងកាត់ ដែលតាមពិតគឺភាគីថៃជាអ្នកបង្កឡើងមុនទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជា តែងតែរក្សានូវភាពអត់ធ្មត់ជាទីបំផុត ដោយមិនចង់ធ្វើឱ្យប៉ះពាល់ដល់នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃឡើយ ប៉ុន្តែដោយសារតែភាគីថៃ ចេះតែបង្ករឿងមុន ទើបកម្ពុជាត្រូវចាត់វិធានការឆ្លើយតបទៅវិញ ហើយការឆ្លើយតបគ្រប់បែបយ៉ាងនេះហើយ បែរជាភាគីថៃចោទថាកម្ពុជាអាក្រក់ទៅវិញ។
សម្តេចធិបតីលើកថា ៖ កម្ពុជា មានភាពម្ចាស់ការ ដែលអាចទប់ទល់នឹងការគំរាមកំហែង ទាំងផ្នែកយោធា សេដ្ឋកិច្ចពីខាងក្រៅ ។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងយ៉ាងម៉ឹងម៉ាត់ថា កម្ពុជា មានភាពម្ចាស់ការ និងមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការទប់ទល់បានយ៉ាងងាយស្រួល ចំពោះមុខការគំរាមកំហែងនានា ពីខាងក្រៅ មិនថាផ្នែកយោធា ឬការគំរាមកំហែងផ្នែកសេដ្ឋកិច្ចនោះទេ។ ប្រមុខរាជរដ្ឋាភិបាល ថ្លែងដូច្នេះពីទិវាមច្ឆជាតិ ១កក្កដា ដែលប្រារព្ធធ្វើឡើងនៅទន្លេបាទី ក្នុងស្រុកបាទី ខេត្តតាកែវ ៕
ដោយ ៖ សិលា