សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនបានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ

ចែករំលែក៖

ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា កន្លងមក ភាគីថៃ តែងបានចោទប្រកាន់សម្តេចតេជោថា បានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ដែលប្រការនេះ ជាការលាបពណ៌ មួលបង្កាច់ និងមិនមែនជាការពិតនោះឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអនុវត្តវិធានការឆ្លើយតបរបស់កម្ពុជាទៅកាន់ភាគីថៃកន្លងមក គ្រាន់តែជាការរក្សាសិទ្ធិការពារខ្លួន និងបង្ហាញតម្លាភាពចំពោះប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចការពារប្រជាជន ១៧លាននាក់ ការពារសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ប្រទេសកម្ពុជាប៉ុណ្ណោះ ហើយកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព និងតាមយន្តការច្បាប់អន្តរជាតិ នៅតំបន់មានជម្លោះដដែល។
ជុំវិញបញ្ហាជម្លោះនយោបាយដែលកើតឡើងក្នុងប្រទេសថៃរីករាលដាលកាន់តែធំឡើង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចកន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្តនយោបាយបញ្ជាស្ថាប័នរដ្ឋ គឺស្ថិតនៅលើនាយករដ្ឋមន្រ្តី។ ហើយការដែលកម្ពុជាបានបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនយោបាយរបស់ថៃ គឺជាការឆ្លើយទៅវិញ ចំពោះអ្វីដែលថៃតែងតែចោទប្រកាន់ និងលាបពណ៌មកលើកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ឥលូវមកចោទថា រាជរដ្ឋាភិបាល ជាពិសេសទៅចោទសម្តេចតេជោ ថាទៅលូកលាន់ផ្ទៃក្នុងនយោបាយរបស់ប្រទេសគេ។  កម្ពុជាមិនបានធ្វើអ្វីទៅលូករឿងផ្ទៃក្នុងរបស់គេ រឿងបក្សយ៉ាងម៉េច ដកអ្នកណា ដាក់អ្នកណា ជារឿងរបស់គេ ប៉ុន្តែរឿងដែលប៉ះពាល់កម្ពុជា កម្ពុជាត្រូវតែឆ្លើយតបហើយ»។
សម្តេចមានប្រសាសន៍ថា ដល់ពេលហើយដែលកម្ពុជាត្រូវឆ្លើយតប ខណៈកន្លងមកកម្ពុជាតែងតែអត់ធ្មត់ ដើម្បីកុំឱ្យមានបញ្ហាជាមួយគ្នា បើទោះបីជាកន្លងមក ថៃ តែងតែមូលបង្កាច់ និងលាភជាច្រើនលើកច្រើនសារមកលើកម្ពុជា ។ កម្ពុជាមានភស្តុតាងច្រើនណាស់ ចំពោះការបង្កាច់បង្ខូច ទាំងនោះ ប៉ុន្តែកម្ពុជាមិនចង់មានបញ្ហាជាមួយប្រទេសជិតខាង។
សម្តេចមហាបវរធិបតី គូសបញ្ជាក់ថា ការចាត់វិធានការរបស់កម្ពុជា គ្មានអ្វីក្រៅពីការការពារកិត្តិយស សេចក្តីថ្លៃថ្នូភាពត្រឹមត្រូវ បូរណៈភាពទឹកដី និងឧត្តមប្រយោជន៍ខ្មែរតែប៉ុណ្ណោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print