អ្នកនាំពាក្យខេត្តបាត់ដំបង៖​ ភាគីថៃបន្តបើកច្រកទ្វារធំព្រំដែនចំហរតែមិនផ្លូវការ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ភាគីថៃបានបើកច្រកទ្វារជាឯកតោភាគីនៅគ្រប់ច្រកទ្វារព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយបើកច្រកទ្វារចាប់ពីម៉ោង8.00នាទីព្រឹក (បើកទ្វារច្រកចំហ) និងបិទច្រកទ្វារទៅវិញនៅម៉ោង4.00នាទីរសៀល ប៉ុន្តែមិនឱ្យដំណើរការ ធម្មតានោះទេ ។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង​ ។

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ថា ៖«ប៉ុន្តែខាងកម្ពុជាយើង មិនលេងល្បែងបិទពួនជាមួយថៃទេ គឺច្រកទ្វារព្រំដែនយើងបិទជាប់រហូត លើកលែងតែបងប្អូនប្រជាពលរដ្ឋ បងប្អូនពលករខ្មែរយើងចូលមកកម្ពុជាយើងវិញ និងបងប្អូនប្រជាពលរដ្ឋដែលមានជំងឺឈឺធ្ងន់ ឫ អ្នកជំងឺសង្គ្រោះបន្ទាន់ ចេញទៅប្រទេសថៃ »។

បើតាមរបាយការណ៍របស់មន្រ្តីច្រកទ្វារ​ ក៏បានឱ្យដឹងដែរថា នៅម៉ោង៨ព្រឹកថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២៥ ច្រកទ្វារព្រំដែន ប្រទេសថៃ ជាប់គ្នាជាមួយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង និងជាប់ច្រកទ្វារច្រកព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្រុកសំពៅលូនខេត្តបាត់ដំបង ភាគីថៃបន្តបើកច្រកទ្វារទាំងអស់នៅម៉ោង៨ព្រឹក និងបិទម៉ោង៤រសៀលជា ឯតោភាគី តែមិនដំណើរការធម្មតាទេ ចំណែកភាគីកម្ពុជាបើកច្រកទ្វារសម្រាប់តែថ្មើរជើង ដល់ប្រជាពលរដ្ឋ និងពលករ ខ្មែរវិលចូលប្រទេសវិញ និងមិនអនុញ្ញាតិឱ្យរថយន្តចេញចូល ពិសេសគឺការនាំចេញបន្លែត្រីសាច់ ។

បើតាមលោក​ សឿម ប៊ុនរិទ្ធ សភាពការព្រំដែនខេត្តបាត់ដំបង​ កាលពីថ្ងៃទី៣០​ ខែមិថុនាម្សិលមិញ​នេះ គឺមិនមានអ្វីប្រែប្រួល គួរឱ្យកត់សម្គាល់នោះទេ គឺភាគីថៃបិទបើកច្រកទ្វារជាឯកតោភាគីដដែល ចំណែកកម្ពុជាប្រកាន់ជំហដដែលគឺបិទទ្វារធំ បើកតែទ្វារតូចសម្រាប់អ្នកជំងឺនិងពលករតែប៉ុណ្ណោះ។

លោកបន្ដថា​ នៅថ្ងៃទី៣០​ ខែមិថុនា​ គឺរដ្ឋបាលខេត្តបានសហការជាមួយបណ្តាខេត្តមួយចំនួនជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់តាមច្រកព្រំដែនអន្តរជាតិដូងទៅតាមក្រុង ស្រុកក្នុងខេត្តនិងបណ្តាខេត្តផ្សេងៗដោយប្រើរថយន្តចំនួន ១៣គ្រឿង មានចំនួនមនុស្ស ១៩២នាក់ ស្រី ៨៦នាក់ ក្នុងនោះរថយន្តខេត្តបាត់ដំបងចំនួន ០៩គ្រឿង និងរថយន្តខេត្តពាក់ព័ន្ធចំនួន ០៤គ្រឿង (កំពង់ធំ ០១គ្រឿង,សៀមរាប ០២គ្រឿង,កំពង់ចាម ០១គ្រឿង) ។

បន្ថែមពីនេះ​ អ្នកនាំពាក្យរដ្ឋបាលខេត្ត​បាត់ដំបង​ ក៏បានបញ្ជាក់ក្នុងរបាយការណ៍ថា នៅថ្ងៃទី៣០​ ខែមិថុនាម្សិលមិញ​នេះ មានប្រជាពលរដ្ឋ ខ្មែរវិលចូលប្រទេសចំនួន ១.០៥១នាក់, ស្រី ៤៧១នាក់, កុមារ ៣៤នាក់, ក្នុងនោះពលករចំនួន ៨៣៧នាក់, ស្រី ៣៨៥នាក់។

សូមជម្រាបជូនថា​ លោក ហេង សួ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានឱ្យដឹងថាចាប់តាំងពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៥មកពលករខ្មែរដែលបានចាកចេញពីប្រទេសថៃចូលមកស្រុកកំណើតមានសរុបជិត ៤ម៉ឺននាក់ ក្នុងនោះពលករដែលបានចុះឈ្មោះទទួលយកការងារតាមរយ:ក្រុមហ៊ុន សមាគមន៍រោងចក្រកាត់ដេរ និងតាមរយ:ទីភ្នាក់ងារជាតិមានចំនួនជាង ១ម៉ឺននាក់ ក្រៅពីនេះដោយភាគច្រើនពលករបានអះអាងដូចៗគ្នាថានឹងបន្តចុះឈ្មោះធ្វើការងារពេលក្រោយ ក្រោយជួបជុំឳពុកម្តាយបងប្អូនរួចរាល់។

លោករដ្ឋមន្ត្រី​ បញ្ជាក់នេះខណៈ ចុះសាកសួរសុខទុក្ខ និងបង្កលក្ខណ:ផ្តល់ឱកាសការងារដល់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញនៅច្រកទ្វារអន្តរជាតិដូង ជាមួយឯកឧត្តមសុខលូអភិបាល ខេត្តបាត់ដំបងនាថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានបន្តថា ស្របពេលដែលប្រទេសយើងកំពុងត្រូវការកម្លាំងពលកម្មរាប់ម៉ឺនកន្លែងដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេស ការងារដែលកំពុងរងចាំបងប្អូនប្រជាពលរដ្ឋយើងទទួលយកត្រឹមមួយសប្តាហ៍ចុងក្រោយត្រូវការកម្លាំងពលកម្មចំនួន ២៥ម៉ឺនកន្លែងក្នុងនោះមានការងារប្រភេទកសិកម្ម សេវាកម្ម និងឧស្សាហកម្ម ( ការងាររោងចក្រ ស្បែកជើង កាបូប គ្រឿងសង្ហារឹម គ្រឿងអេឡិកត្រូនិក ) ត្រូវការកម្លាំងពលកម្មច្រើនប្រមាណជា ២១ម៉ឺននាក់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print