ឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកស្អាង វិជ្ជមានសារធាតុញៀនករណីលួចត្រាវ ២០គីឡូក្រាម កាប់បំផ្លាញ ៨៩គុម្ព

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ ស្រុកស្អាង ឃាត់ខ្លួនកាលពីវេលាម៉ោង ០៣និង៣០នាទីព្រឹក ថ្ងៃទី០១ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុងករណីលួចមើមត្រាវ ២០គីឡូក្រាម កាប់បំផ្លាញដើមត្រាវ ៨៩គុម្ព និងប្រើប្រាស់គ្រឿងញៀន នៅចំការត្រាវក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះឈ្មោះ មុឺន ភក្តី ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ គីម សំណាង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។ ក្រោយការពិនិត្យទឹកនោម ជនសង្ស័យរូបនេះក៏បានបង្ហាញលទ្ធផលវិជ្ជមាន(+)សារធាតុញៀនផងដែរ។

លោកអធិការបានឲ្យដឹងទៀតថា សម្ភារៈដែលបាត់បង់និងខូចខាតរួមមាន មើមត្រាវមានទម្ងន់ ២០គីឡូក្រាម និងដើមត្រាវចំនួន ៨៩គុម្ព ត្រូវបានកាប់បំផ្លាញចោលនៅក្នុងចំការ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន មើមត្រាវទម្ងន់ ២០គីឡូក្រាម និងកណ្ដៀវផ្លែដែកដងឫស្សីចំនួន ១។ 

លោកអធិការបានបញ្ជាក់ថា កន្លងមកម្ចាស់ចំការតែង តែបាត់បង់ដំណាំត្រាវជាញឹកញាប់។ នៅថ្ងៃទី០១ កក្កដា ២០២៥ វេលាម៉ោង ០៣:០០នាទី ជនរងគ្រោះបានធ្វើ ដំណើរចេញពីផ្ទះមានគ្នា ២នាក់ទៅយាមចំការ។ លុះ ដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះបានដើរក្នុងចំការរបស់ខ្លួន ក៏បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាប់ដើមត្រាវ និងលួចមើលត្រាវដាក់បាវ។ ភ្លាមៗនោះ ជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យ និងសួរនាំ រួចរាយការណ៍ជូនសមត្ថកិច្ច។

លោកអធិការបានឲ្យដឹងបន្ថែមថា ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងនាំខ្លួនជន សង្ស័យ រួមនិងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាក សួរ។ នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច និងកាប់បំផ្លាញត្រាវរបស់ជនរង គ្រោះតែម្នាក់ឯងប្រាកដមែន ហើយក៏ធ្លាប់បានប្រើប្រាស់គ្រឿងញៀនបានរយៈពេល ១ឆ្នាំកន្លងមកហើយ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print