លោក នេត្រ ភក្ត្រា លើកទឹកចិត្តមន្ត្រី និងពលរដ្ឋមានសុខភាពល្អចូលរួមបរិច្ចាគឈាម, ការបរិច្ចាគឈាមមិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌ទេ តែជាការធ្វើបុណ្យដ៏ជ្រះថ្លាសម្រាប់ជួយសង្គ្រោះជីវិតរបស់មនុស្ស

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានសុខភាពល្អ សូមចូលរួមបរិច្ចាគឈាម ទាំងអស់គ្នា ចំពោះការបរិច្ចាគឈាមនេះ មិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌តែមួយប៉ុណ្ណោះទេ ប៉ុន្តែ ជាការធ្វើបុណ្យមួយដ៏មានសន្ធាជ្រះថ្លា ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។

ការលើកទឹកចិត្តបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តម និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។ ការបរិច្ចាគឈាមធ្វើឡើងនៅក្នុងគោលបំណងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។

លោក នេត្រ ភក្ត្រា បានថ្លែងថា បុគ្គលដែលបានផ្តល់ឈាមជួយសង្គ្រោះអាយុជីវិតមនុស្ស គឺមានអារម្មណ៍ជ្រះថ្លា ហើយការបរិច្ចាគឈាម មិនមែនត្រឹមជាការងារមនុស្សធម៌នោះទេ ប៉ុន្តែ ជាការលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីយកទៅជួយសង្គ្រោះអាយុជីវិតមនុស្សបាន។ 

លោក នេត្រ ភក្ត្រា បានលើកឡើងថា ការចូលរួមបរិច្ចាគឈាមតាមវេជ្ជៈបញ្ជា គឺធ្វើឱ្យមានសុខភាពល្អ និងជួយបង្ការនូវជំងឺមួយចំនួនផងដែរ។ ដូច្នេះ សូមអំពាវនាវមន្ត្រីរាជការ និងប្រជាពលរដ្ឋបន្តបរិច្ចាគឈាមតាមការកំណត់ និងតាមការស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមថា ការផ្តល់ឈាម ជាការធ្វើបុណ្យមួយដ៏មានសន្ធាជ្រះថ្លា ឈាមរបស់យើងដែលផ្តល់ឱ្យ មានន័យថា ជីវិត ដូច្នេះ ការចូលរួមបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌មួយដែលបានចូលរួមជួយជីវិតរបស់មនុស្សតែម្តង។ ខណៈតម្រូវការឈាមសម្រាប់ជួយសង្គ្រោះជីវិតរបស់មនុស្សប្រចាំថ្ងៃកាន់តែច្រើនឡើង និងជារឿងដែលចាំបាច់ផងដែរ។

លោក នេត្រ ភក្ត្រា បានបន្ថែមថា បើនិយាយតាមធម៌ព្រះពុទ្ធវិញ ការធ្វើទានតាមរយៈការផ្តល់ឈាម ជាអានិសង្ឃមួយខ្ពស់ ដែលបានចូលរួមផ្តល់ជីវិតដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ សម្រាប់សង្គ្រោះជីវិតចេញពីមច្ចុរាជ។ លោកជឿជាក់ថា បុគ្គលដែលបានចូលរួមបរិច្ចាគឈាម នឹងមានអារម្មណ៍ជ្រះថ្លា និងបញ្ជាក់ថាខ្លួនមិនបានស្តាយក្រោយនោះទេ ចំពោះការសម្រេចចិត្តផ្តល់ឈាមរបស់ខ្លួន ពីព្រោះឈាមដែលបានដែលបានបរិច្ចាគ គឺជាការជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស។ ការធ្វើបុណ្យអ្វីក៏ដោយ គឺមិនស្មើនឹងការជួយសង្គ្រោះជីវិតមនុស្សនោះទេ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល បានឱ្យដឹងថា តម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក មជ្ឈមណ្ឌលត្រូវការឈាម មួយប្លោក ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង៣០០ ទៅ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៤៣,១៤៣ប្លោក ហើយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្ថែមថា ប៉ុន្តែ ការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាព ពិភពលោក។ លោកវេជ្ជបណ្ឌិត បានជម្រាបជូនបន្តថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print