កំពង់ឆ្នាំង ៖ សិស្សជ័យលាភី៤៥នាក់នៃវិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំង សិស្សមធ្យមសិក្សាទុតិយភូមិជំនាន់៧ និងសិស្សមធ្យមសិក្សាបឋមភូមិជំនាន់ទី១០ បានទទួលវិញ្ញាបនបត្រ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ។ ពិធីប្រគល់សញ្ញាបត្រនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ម ម៉ាល័យ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក សេកអាឌូឡាហ្ស៊ី អាលីអាល់ម៉ូហាណាឌី តំណាងសប្បុរសជននៃរដ្ឋកាតា និង លោកស៊ើក ទំា នាយកវិទ្យាស្ថានអប់រំឥស្លាមកម្ពុជា ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោក ស៊ើក ទំា នាយកវិទ្យាស្ថានអប់រំឥស្លាមកម្ពុជា និងលោក អាលីអាល់ម៉ូហាណាឌី តំណាងសប្បុរសជននៃរដ្ឋកាតា បានឱ្យដឹងថា វិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំង ស្ថិតនៅឃុំអូឬស្សី ស្រុកកំពង់ត្រឡាច បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៧ ដែលមានកម្រិតសសិក្សាតាំងពីថ្នាក់បឋមសិក្សា អនុវវិទ្យាល័យ និង បន្តអភិវឌ្ឍន៍វិទ្យាល័យផងដែរ ក្រៅពីជាសាលាចំណេះទូទៅ វិទ្យាស្ថានបានបណ្តុះបណ្តាលជំនាញ កាត់ដេរ កំព្យូទ័រ កសិកម្ម និង បសុវប្បកម្ម ។ វិទ្យាស្ថានមានទស្សនវិស័យ លើកកម្ពស់ស្រ្តី ក្នុងសហគមន៍ឥស្លាម ឱ្យមានសមត្ថភាព លើកស្ទួយជីវភាពគ្រួសារ និង អភិវឌ្ឍន៍គ្រួសារឱ្យកាន់តែប្រសើរឡើង ។ជាក់ស្តែងនៅថ្ងៃនេះវិទ្យាស្ថានអប់រំឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំងបានចែកនូវវិញ្ញាបនបត្រដល់សិស្សជ័យលាភីចំនួន៤៥នាក់ ក្នុងមធ្យមសិក្សាបឋមភូមិជំនាន់ទី១០មានចំនួន២៩នាក់ និង មធ្យមសិក្សាទុតិយភូមិជំនាន់ទី៧ មានចំនួន១៦នាក់ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ម៉ម ម៉ាល័យ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា តាមរយៈរបាយការណ៍របស់វិទ្យាស្ថាន បានឆ្លុះបញ្ចាំង ឱ្យឃើញថា វិស័យអប់រំឥស្លាមនៅខេត្តកំពង់ឆ្នាំង បាននិងកំពុងដើរទន្ទឹមប្រព័ន្ធអប់រំជាតិ ជាពិសេឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំយុវជននិងកីឡា ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព និង សមត្ថភាពពេញលេញ ប្រកបដោយចំណេះជំនាញ ។
លោកម៉ម ម៉ាល័យ បានបញ្ជាក់ទៀតថា ផ្អែកនិងសមិទ្ធផល និង ការយកចិត្តទុកដាក់ ពីរាជរាដ្ឋាភិបាល សហគមន៍ឥស្លាមកម្ពុជាបានចាប់ផ្តើមពង្រឹង នូវប្រព័ន្ធអប់រំនៅតាមមូលដ្ឋាន ដោយមានការបើកទូលាយ ពីរាជរដ្ឋាភិបាលកម្ពុជា ក្នងការធ្វើទំនាក់ទំនង ជាមួយសហគមន៍ឥស្លាម នៅតាមបណ្តាលប្រទេសជាមិត្តនៅក្នុងតំបន់ និងជុំវិញពិភពលោក ធ្វើឱ្យសហគមន៍ឥស្លាមមានលទ្ធភាពជាងមុន មានអគារសិក្សា កសាងបានសមិទ្ធផលវិស័យអប់រំបានចូលរួមចំណែក ការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ជាបន្តបន្ទាប់ ។
ឯកឧត្តម ម៉ម ម៉ាល័យបានផ្តាំផ្ញើរដល់សិស្សានុសិស្សជ័យលាភីនាពេលនេះត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ត ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៍ល្អនៅក្នុងសង្គមជាតិ ដើម្បីចូលរួមធ្វើកាអភិវឌ្ឍន៍ប្រទេជាតិឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ។
នៅក្នុងឱកាសនោះ គណអធិបតីភាពបានប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងមធ្យមសិក្សាបឋមភូមិ ដល់សិស្សជ័យលាភី៤៥នាក់ អមជាមួយនិងទឹកប្រាក់ និង ចែកអំណោយដល់ប្រជាពលរដ្ឋឥស្លាមដែលចូលរួមផងដែរ ។ចន្ថា