កល្យាណ និង សោភ័ណក្រោយពេលបានឮសម្ដី អ៊ុំជង់ដូច្នេះ ក៏ដាក់ខ្នងដេកទៅវិញ។ ឯវិចិត្រ ក៏បានស្ដាប់ឮការសន្ទនារបស់អ្នកទាំងបីដែរ តែវិចិត្រធ្វើជាសម្ងំដេកលក់មិនកម្រើកខ្លួន។ លុះស្អែកឡើង វិចិត្របរទេះប្រមូលស្បៀង និង ពូជស្រូវទៅដាក់នៅតាមកងនីមួយៗ ហើយឆ្លៀតស៊ើបឪពុកម្ដាយរបស់សោភ័ណ។ វិចិត្រជាកងសេដ្ឋកិច្ចរត់ការខាងស្បៀងហូបចុកនិងស្លៀកពាក់ទើបការចូលទៅតាមក្រុមជនជំនាមមិនជាបញ្ហាអ្វីនោះទេ។ ដល់ទីទួលដែលជនជម្លៀសពីទីក្រុងរស់នៅ វិចិត្របានឃើញសោភី។ វិចិត្រ បាននិយាយគ្នាជាមួយនឹងសោភីដឹងរឿងរ៉ាវសព្វគ្រប់បែបយ៉ាងហើយក៏បំបែកគ្នាទៅ។ ចាប់ពីពេលនោះមក សោភ័ណ មិនសូវបារម្ភពីទេ ពីព្រោះបានដឹងដំណឹងថា ម្តាយនៅក្បែរខ្លួន។
ក្រោយពីភូមិភាគឧត្តរ បានប្ដូរអ្នកដឹកនាំពី កុយ ធួន ទៅ កែ ពកវិញ ស្ថានភាពប្រជាជនក្នុងតំបន់បានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង។ ប្រជាជនមូលដ្ឋាន ត្រូវប្រមែប្រមូលចាន ឆ្នាំង ដាក់ជាសមូហភាព ហើយថែមទាំងរស់នៅដោយហូបរួម ដេករួមធ្វើការរួម និងគ្មានអ្វីជាកម្មសិទ្ធិនោះទេ។ មេភូមិ មេឃុំ ត្រូវផ្លាស់ប្ដូរជាប្រធានសហករណ៍វិញ។ ក្នុងសហករណ៍នីមួយៗ ត្រូវបែងចែកជាពីរផ្នែក គឺ អ្នកមូលដ្ឋានចាស់និង មូលដ្ឋានថ្មី។ ក្មេងៗ ត្រូវនៅតាមក្មេងៗ។ ចាស់ៗ ដែលគ្មានកម្លាំងត្រូវមើលថែទាំក្មេងតូចៗ ដែលមានអាយុក្រោម ៦ ឆ្នាំ ពេលឪពុកម្ដាយមិននៅ។ ចំណែកយុវជនជនចាប់ពី ១៥ ឆ្នាំឡើងទៅទាំងស្រីទាំងប្រុស ត្រូវធ្វើការងារយ៉ាងសកម្ម។ ឯក្មេងចាប់ពីអាយុ ៦ឆ្នាំឡើងដល់ ១៤ ឆ្នាំត្រូវទៅឃ្វាលគោក្របី។ ក្មេងៗ ខ្លះទៀតធ្វើជាកងឈ្លបរបស់ខ្មែរក្រហមដែលខ្មែរក្រហមបង្រៀនឲ្យជឿជាក់តែលើអង្គការហើយអង្គការជាអ្នកមានគុណដ៏ធំធេង ។ រីឯសហករណ៍ ធ្លកកំបុតត្រូវគ្រប់គ្រងដោយប្រធាន រៀម។ ក្នុងសហករណ៍ទាំងអស់មានតែសហករណ៍ដឹកនាំដោយប្រធានរៀមទេ ដែលមិនសូវមានការធ្វើទារុណកម្មធ្ងន់ធ្ងរ ព្រោះគាត់មិនសូវតឹងតែង ហើយអ្នកមូលដ្ឋានចាស់មិនរើសអើងអ្នកមូលដ្ឋានថ្មីទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានអ្នកចង់បានមុខមាត់រាយការណ៍ទៅថ្នាក់លើដើម្បីផ្គាប់ចិត្តដែរ។ កល្យាណ ត្រូវប្រធានសហករណ៍ឬ ឲ្យធ្វើជាគ្រូបង្រៀនទើបគាត់មានឱកាសបាននៅក្បែរ សត្យា។មីងភូ និង អ៊ុំជង់ ធ្វើខាងចុងភៅ។ ឯ សោភ័ណ្ឌ វិញត្រូវធ្វើការងារខាងរោងអំបោះត្បាញ។ប្រជាជនពេញសិទ្ធិ អង្គការមិនសូវឬចាប់កំហុសអ្វីឡើយលើកលែងតែប្រជាជនត្រៀម និងប្រជាជនថ្មីបានអង្គការតឹងរ៉ឹង។ សោភី នៅក្នុងប្រជាជនត្រៀមហេតុដូចនេះទើបគាត់ត្រូវខិតខំធ្វើការងារដើម្បីបានក្លាយជាប្រជាជនពេញសិទិ្ធ។ ទំនាក់ទំនង និងដំណឹងគ្រួសាររវាង សោភី និងកូនៗនៅជាប់គ្នាជានិច្ចតាមរយៈ វិចិត្រដែលជាអ្នកដឹកស្បៀង ដឹកទឹក ឲ្យសហករណ៍ទាំងមូល។ផ្ទុយទៅវិញវត្តមាន កុសល នៅស្ងាត់ឱ្យឈឹងមិនឮដំណឹងអ្វីទាល់តែសោះ។
ក្នុងមួយឆ្នាំ ១៩៧៧ ថ្នាក់ដឹកនាំកែ ពក បានផ្លាស់ប្ដូរពីភូមិភាគឧត្តរ ទៅភូមិភាគកណ្ដាលវិញ។ភូមិភាគនេះត្រូវគ្រប់គ្រងដោយកង ចាប វិញម្ដង ។ មុនទៅកាន់ភូមិភាគថ្មីនៅភូមិភាគឧត្តរព្រឹត្តិការណ៍រន្ធត់មួយបានកើតឡើងនៅសហករណ៍មួយមិនឆ្ងាយពីសហករណ៍ដែលសោភ័ណ កំពុងរស់នៅនោះទេ។
សហករណ៍នោះត្រូវធ្វើវិសុទ្ធកម្មដ្ឋ ព្រោះអង្គការគិតថា នៅក្នុងសហករណ៍មានសេសសល់ទាហានពីរបបសាធារណរដ្ឋខ្មែរហើយមានជនចង់ក្បត់នឹងអង្គការ ទើបអ្នកមូលដ្ឋានថ្មីទាំងអស់ព្រមទាំងប្រជាជនត្រៀម ត្រូវអង្គការប្រមូលយកទៅសម្លាប់ចោលនៅវត្តលលៃ គ្មានលើកលែងសូម្បីតែកូនក្មេង។ ពេលនោះអង្គការបានប្រើពាក្យស្លោកថា សម្លាប់ច្រឡំជាជាងលែងច្រឡំ ហើយពាក្យខ្លះផ្សេងទៀត ទុកក៏មិនចំណេញដកចេញក៏មិនខាត។ ប្រជាជនដែលកំពុងបោកបែន រោយ និង ហាល ស្រូវ បានឈរមើលអ្នកទាំងនោះ។ ចំណែក កុសល បានរត់មកដល់សហករណ៍នេះ ហើយត្រូវកងទ័ពចាប់។ សោភ័ណ្ឌបានឃើញយ៉ាងច្បាស់ពេលប៉ារបស់ខ្លួនត្រូវចងដៃក្រពាត់ទៅក្រោយ ព្រមទាំងមានកងទ័ពវាយទាត់។ សុភី ស្លុតអស់ស្មារតីពេលឃើញប្ដីត្រូវអង្គការចាប់បែបនេះ។កងទ័ពបានអូសកុសលឡើងរថយន្តដែលបិតធាងដូងជិតរួចក៏បើកចេញពីទីនោះ។ ម្ដាយ និងកូនទាំងពីរចង់រត់ទៅជួយឪពុក ប៉ុន្តែត្រូវមីងភូ និងអ៊ំជង់ ចាប់ជាប់។ប្រជាជនមិនហ៊ានសូម្បីតែស្រស់ទឹកភ្នែកចេញមកក្រៅទោះបីជាមានរឿងអ្វីក៏ដោយ ប៉ុន្តែទឹកភ្នែកនៅក្នុងចិត្តវិញហូរដូចទឹកទន្លេ។
ខែកត្តិកឆ្នាំនេះ មុនប្រមូលផលស្រូវប្រធានសហករណ៍បានរៀបចំពិធីមង្គលការតាមការចាត់តាំងរបស់ថ្នាក់លើ។ នៅក្នុងរោងមួយល្វែងមានមនុស្សពីរជួរ គឺមិត្តនារីនៅម្ខាង និងមិត្តបុរសនៅម្ខាង។ មិត្តនារី និងមិត្តបុរសមកពីគ្រុបសហករណ៍មានចំនួន ៣០ គូ។ ប្រធានសហករណ៍ចាប់ផ្ដើមចាប់គូរហូតដល់អស់គូ។ គូស្វាមីភរិយាថ្មីកាន់ដៃគ្នាសច្ចាស្មោះស្ម័គ្របម្រើអង្គការអស់មួយជីវិត។ ក្នុងពិធីរៀបការនេះ គ្មានឪពុកម្ដាយ ឬអាណាព្យាបាលចូលរួមទេ គឺមានតែប្រធានសហរណ៍និងម្ចាស់សាមីខ្លួនតែប៉ុណ្ណោះ។ ក្នុងគូទាំង ៣០ មានកល្យាណដែរដែលត្រូវរៀបការ។ កល្យាណ និងស្រីៗផ្សេងទៀត ត្រូវប្រធានអង្គការចាប់គូជាមួយអតីតកងទ័ពពិការ។ កល្យាណ ត្រូវរស់នៅជាមួយនាយតុតទាំងចិត្តមិនស្រឡាញ់ ហើយមិនដែលស្គាល់គ្នាទាល់តែសោះ។កល្យាណ ជាគ្រូបង្រៀនដូច្នេះហើយទើបនាយតុតត្រូវផ្លាស់មករស់នៅតាមកល្យាណ។ នាយតុត ចូលធ្វើការងារខាងជួសជុលសម្ភារៈ និងបង្វឹកក្មេងៗប្រើកាំភ្លើង។ គាត់ត្រូវរួមរស់នៅជាមួយគ្នាបីយប់ ដែលមានការឃ្លាំមើលពីកងឈ្លបស្ទើរតែគ្រប់ពេលវេលា។ នាយតុត
ជាមនុស្សល្អណាស់ គាត់មិនដែលបង្ខំចិត្តកល្យាណទេ។ គាត់គ្រាន់តែដេកក្បែរកល្យាណនិយាយចុះសម្រុងគ្នាធម្មតា ដើម្បីបន្លំកងឈ្លប។(នៅមានត)