ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញ បំពេញ ទស្សន កិច្ចផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការ បង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដែលមានអាយុគម្រប់៦០ឆ្នាំនៅឆ្នាំ២០២៥នេះ។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជានៅ វេលា ម៉ោងប្រមាណ៨៖៤០នាទី។ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយដំណើរអញ្ជើញដល់ របស់លោកនាយក រដ្ឋ មន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, លោក អ៉ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។
បើយោងតាមសេចក្តីព័ត៌មាន របស់ក្រសួងការបរទរសកម្ពុជា បញ្ជាក់ថា ៖ ក្នុងដំណើរទស្សនកិច្ចលោក ឡរ៉េន វ៉ុង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏នឹងមានព្រះរាជសាវនាការជាមួយព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង, មាន ជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លោក ឡរ៉េន វ៉ុង ក៏នឹងមានជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការ ពិ ភាក្សា ស៊ី ជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីផងដែរ។ ដំណើរទស្សនកិច្ចនាពេលនោះ ទទួលបានលទ្ធផលល្អប្រសើរជាច្រើន ដែលជាការបោះជំហានថ្មីមួយទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កម្ពុជា និងសិង្ហបុរី បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ដំណើរ ទស្សនកិច្ច របស់លោក ឡរ៉េន វ៉ុង កើតឡើងស្របពេលនៃ ការប្រារព្ធ ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងសិង្ហបុរី ដែលជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តពូនជ្រំុទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ៕
ដោយ ៖ សិលា