ខេត្តព្រៃវែង ៖ សារមន្ទីរសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជាសុីម បានប្រារព្ធពិធីសម្ពោធក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ញ៉ែម សាខន សខេង នៅក្នុងបរិវេណគេហដ្ឋានទឹកដីកំណើតតស៊ូ ភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី លោកលោកស្រី សមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង និងសមាជិកក្រុមគ្រួសារ។
សារមន្ទីរ សម្ដេច ជា សុីម និងលោកជំទាវ បានសម្ពោធក្នុងថ្ងៃទី២ នៃការប្រារព្ធពិធីបុណ្យពុទ្ធាភិសេក ឆ្លងសារមន្ទីរ ពិស្ដារប្រាំពីរចប់ គម្រប់ខួប១០ឆ្នាំ និង១៦ឆ្នាំ ដើម្បីឧទ្ទិសកុសលជូន សម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ សារមន្ទីរនេះ មានតម្កល់សម្ភារការិយាល័យសម្ដេច ជា សុីម មឈូសតម្កល់សព សម្ដេច និងលោកជំទាវ រូបថត ព្រមទាំងវត្ថុសំខាន់ៗមួយចំនួនទៀត៕
ដោយ ៖ សិលា