ខេត្តព្រៃវែង ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា គោលដៅសំខាន់នៃការបើកច្រក ម៉ឺន ជ័យ ( ខេត្ត ព្រៃ វែង )- តឹ ន ណា ម ( ខេត្ត តៃ និ ញ ) គឺដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ និងការទៅមករកគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅក្នុងខេត្ដព្រៃវែងនឹងមានការផ្លាស់ប្ដូរពាណិជ្ជកម្មកើនឡើងតាមរយៈការបើកច្រកអន្ដរជាតិថ្មីម៉ឺនជ័យនេះ។
សម្ដេចតេជោ បានមានប្រសាសន៍បន្ដថា នៅពេលដែលច្រកនេះបើកសម្ពោធជាផ្លូវការ យើងនឹងអាចទាក់ទាញអ្នកវិនិយោគ និងប្រើប្រាស់សម្រាប់ដឹកជញ្ជូនទំនិញ ផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ទន្ទឹមនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទំហំពាណិជ្ជកម្ម កម្ពុជានិងវៀតណាម គឺបានឆ្លងហួសកម្រិត ១០ពាន់លានដុល្លារហើយ។ ហើយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ មុនខួបលើកទី៥០ឆ្នាំ នៃការរំដោះភាគខាងត្បូងរបស់ប្រទេសវៀតណាម ចំនួន១ថ្ងៃ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខា ជាមួយរដ្ឋមន្រ្ដីវៀតណាម ដើម្បីបង្កើនទំហំពាណិជ្ជកម្មជាមួយគ្នាឱ្យកើនដល់ ២០ពាន់លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅឈប់ទិញដាច់ខាតចំពោះអគ្គិសនី និងអ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ។ ការប្រកាសសម្តេចបែបនេះគឺដើម្បីបង្ការនាពេលខាងមុខមានបញ្ហាជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅភាគីថៃជាថ្មីម្តងទៀតថា គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមក កម្ពុជាដើម្បីធ្វើការបើកច្រកឡើងវិញនោះ។ សម្តេចបានបញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធនឹងការបើកព្រំដែន តែសូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបានបើកដំណើរការធម្មតាវិញហើយ។ កម្ពុជាត្រូវការតែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយមិនបាច់មកតាមញ៉ែដើម្បីការចរចាណាទៀតទេ៕
ដោយ ៖ សិលា