ខេត្តព្រៃវែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានដូចខាងក្រោម៖
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រងនៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារទាំងអស់ ដែលបានធ្វើឲ្យមជ្ឈមណ្ឌលនេះមានការរីកចម្រើន និងបន្តនិរន្តរភាពរហូតដល់សព្វថ្ងៃនេះ។
-សម្តេចតេជោ ថ្លែងកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំរួមគ្នាកសាង និងអភិវឌ្ឍន៍នៅខេត្តព្រៃវែងតាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។
-សម្តេចតេជោ ថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមគឺបានឡើងជាង ១០ពាន់លានដុល្លារអាមេរិកហើយ ខណៈការនាំចូល-នាំចេញទំនិញរវាងប្រទេសទាំងពីរនេះមានលក្ខណៈប្រដំប្រសងគ្នា។
-សម្តេចតេជោ ថ្លែងផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅឈប់ទិញដាច់ខាតចំពោះអគ្គិសនី និងអ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ។ ការប្រកាសសម្តេចបែបនេះគឺដើម្បីបង្ការនាពេលខាងមុខមានបញ្ហាជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។
-សម្តេចតេជោ ថ្លែងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ភាគីថៃបានលួចដឹកប្រេងតាមផ្លូវទឹកចូលមកកម្ពុជា ប៉ុន្តែត្រូវបានទាហានជើងទឹកកម្ពុជាបណ្តេញចេញទៅវិញ។
-សម្តេចតេជោ ថ្លែងផ្តាំជាថ្មីម្តងទៀតទៅគ្រប់បណ្តាស្ថានីយ៍ទូរទស្សន៍ខ្មែរទាំងអស់ចាប់ពីពេលនេះតទៅ គប្បីបញ្ឈប់ការចាក់បញ្ចាំងរឿងថៃបន្តទៀត។ សម្តេចបានបញ្ជាក់ថា «អារឿងថៃហ្នឹងគប្បីបញ្ឈប់បានបញ្ឈប់ទៅ…»។
-សម្ដេចតេជោ ថ្លែងរំពឹងថា ក្រោយសម្ពោធដាក់ឲ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាន់តែរីកចម្រើនបន្ថែមទៀត។
-សម្តេចតេជោ ថ្លែងថា ការកំណត់ព្រំដែនក្នុងទឹកជ្រៅរវាងកម្ពុជា និងវៀតណាម នឹងទទួលបានផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
-សម្តេចតេជោ ថ្លែងថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) បានប្រែក្លាយទៅជាតំបន់ និងព្រំដែនសុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
-សម្តេចតេជោ ថ្លែងផ្តាំទៅក្រុមប្រឆាំងថា ថ្ងៃទី១១កក្កដានេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលណា ដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯងហើយ។
-សម្តេចតេជោ ថ្លែងហួសចិត្តនឹងមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស (លោក សម រង្ស៊ី)ថា ៖ » គ្រាន់តែជិះទូកអត់ពុលរលក ក៏ផ្តាំមក ហ៊ុន សែន ថាសុខភាពគេល្អ ទៅជាចឹង! បែបអត់ការងារធ្វើ»។
-សម្តេចតេជោ ថ្លែងបញ្ជាក់ថា សម្តេចមិនចង់ឆ្លើយតបនោះទេ ព្រោះអ្វីដែលគេចង់បាន គឺចង់ឱ្យសម្តេចឆ្លើយតបដើម្បីឱ្យគេឡើងកូដ។
សម្តេចតេជោ ថ្លែងផ្តាំទៅភាគីថៃជាថ្មីម្តងទៀតថា គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមក កម្ពុជាដើម្បីធ្វើការបើកច្រកឡើងវិញនោះ។
-សម្តេចតេជោ ថ្លែងបញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធនឹងការបើកព្រំដែន តែសូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបានបើកដំណើរការធម្មតាវិញហើយ។ កម្ពុជាត្រូវការតែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយមិនបាច់មកតាមញ៉ែដើម្បីការចរចាណាទៀតទេ៕ដោយ៖ស តារា