ខេត្តកំពង់ធំ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការសាងសង់ស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ធំនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាលផងដែរ។
ក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានកត្តាធំៗចំនួន២ ដែលនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានឱកាសដឹកនាំប្រទេសជាតិយូរអង្វែងទៅបាននោះគឺ កត្តាទី១ គឺការជឿជាក់របស់ប្រជាពលរដ្ឋដែលផ្តល់តម្លៃដល់អ្នកដែលបានធ្វើពិតប្រាកដដើម្បីបម្រើប្រជាពលរដ្ឋ ទើបប្រជាជនផ្តល់ការគាំទ្រតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារៀងរាល់អាណត្តិ។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា កត្តាទី២ ដែលធានាថាគណបក្សប្រជាជនកម្ពុជាអាចបន្តដឹកនាំយូរអង្វែងនោះគឺ គោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជាដើម្បី បុព្វហេតុជាតិនិងមាតុភូមិពិតប្រាកដ បម្រើប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើសម្រាប់ប្រជាជន និងប្រទេសជាតិ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមថា បើអ្នកមិនបានខុសកុំភ័យដែលរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលគប់គិតជាមួយបរទេសប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ ខណៈច្បាប់នេះ មានប្រទេសចំនួន ១៥៤ ប្រទេសនៅលើពិភពលោកមានច្បាប់នេះ៕
ដោយ ៖ សិលា