ខេត្តកំពង់ធំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ធំ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិកសមាជិកាគណបក្សប្រជាជនខេត្តកំពង់ធំទាំងអស់ ។
-សម្ដេចធិបតី បានសម្ដែងការអបអរសាទរចំពោះទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មី ដែលទីតាំងនេះ សម្រាប់រយៈពេលវែងឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈររបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា កម្លាំងសាមគ្គីគ្នារបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារួបរួមគ្នាកសាងស្នាក់ការគណបក្ស ខេត្តកំពង់ធំ បង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំ និងកម្លាំងរួបរួមសាមគ្គីគ្នារបស់សមាជិកគណបក្ស ខណៈការសាងសង់ស្នាក់ការបក្សនេះក៏បង្ហាញពីការដឹកនាំរឹងមាំរបស់គណបក្សនៅជាមួយប្រជាជនយូរអង្វែងទៅមុខ។
-សម្ដេចធិបតី ថ្លែងថា មានចំនួន៨២ភាគរយប្រជាពលរដ្ឋនៅខេត្តកំពង់ធំ បានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយមិនបានជឿទៅតាមការញុះញង់របស់គណបក្សប្រឆាំង ប៉ុន្តែប្រជាពលរដ្ឋបានជឿជាក់យ៉ាងច្បាស់ ទៅលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
-សម្តេចធិបតី ថ្លែងថា កាលពីមុនភូមិសាស្ត្រខេត្តកំពង់ធំ មានការប្រយុទ្ធគ្នាហេដ្ឋារចនាសម្ព័ន្ធត្រូវបានខ្ទេចខ្ធី ការធ្វើដំណើរមានការលំបាកចំណាយពេលពីភ្នំពេញ មកដល់ខេត្តកំពង់ធំ រយៈពេល៨ម៉ោង ប៉ុន្តែបច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិជាប់ពីខេត្តមួយទៅខេត្តមួយងាយស្រួលក្នុងការធ្វើដំណើរក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
-សម្តេចធិបតី ថ្លែងថា ការផ្លាស់ប្ដូរអ្នកដឹកនាំនយោបាយ ក្នុងប្រទេសនីមួយៗ មានការលំបាកណាស់ ធ្វើឲ្យប្រទេសមានសង្គ្រាម គ្មានលំនឹងសេដ្ឋកិច្ច និងគោលនយោបាយក្នុងការអភិវឌ្ឍប្រទេស ពីព្រោះដោយសារប្រទេសមានសង្គ្រាមផ្លូវអ្នកនយោបាយ។
-សម្តេចធិបតី ថ្លែងថា មកដល់ម៉ោងនេះ គ្មានគណបក្សណាដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជននោះបានទេ។ សូមបងប្អូនប្រជាពលរដ្ឋទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ការដឹកនាំរបស់គណបក្សប្រជាជន គ្មានការរើសអើងនិន្នាការនោះទេ។ ដោយសារប្រជាពលរដ្ឋមើលឃើញជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន។
-សម្តេចធិបតី ថ្លែងថា គណបក្សប្រជាជនបានជួយជីវិតប្រជាពលរដ្ឋច្រើនណាស់ មានធំៗ៣ ទី១-ការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ទី២-នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ធ្វើឱ្យខ្មែរមានការបង្រួបបង្រួមជាតិ ឯកភាពទឹកដីតែមួយ កងទ័ពតែមួយ និងទី៣-ការសង្គ្រោះប្រជាពលរដ្ឋឲ្យឆ្លងផុតពីជំងឺកូវីដ-19។
– សម្ដេចធិបតី ថ្លែងថា កាលពីមុន ខេត្តកំពង់ធំ គេទៅហួសមកហួស ប៉ុន្ដែបន្តិចទៀតលែងទៅហួសមកហួសហើយ ប៉ុន្ដែ ទៅឈប់មកឈប់ ទាំងទេសចរ និងការវិនិយោគ។
– សម្ដេចធិបតី ថ្លែងថា សាសនានីមួយៗមានមូលដ្ឋាន មានក្រមប្រតិបត្តិត្រឹមត្រូវ! យើងគោរពសាសនា ប៉ុន្ដែអ្នកខ្លះយកសាសនាទៅបម្រើផលប្រយោជន៍ខ្លួនឯង ប្រតិបត្តិខុស ត្រូវសិក្សាពិនិត្យឱ្យច្បាស់លាស់កុំឱ្យពលរដ្ឋយល់ច្រឡំ ព្រោះមានឥសីខ្លះមានប្រពន្ធ ចុះបិណ្ឌបាត ជាដើម។
– សម្ដេចធិបតី ថ្លែងណែនាំឱ្យក្រសួងវប្បធម៌ បន្តពិនិត្យឱ្យបានច្បាស់លាស់ពាក់ព័ន្ធអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសតិចតុក ផ្សព្វផ្សាយចេញកេរខ្មាសហួសប្រមាណ ត្រូវធ្វើការអប់រំ ណែនាំកុំឱ្យប្រព្រឹត្តហួសប្រព្រៃណី ទំនៀមទម្លាប់ខ្មែរ។
-សម្ដេចធិបតី ថ្លែងថា ការពារសុខសន្ដិភាព និងសុវត្ថិភាពសង្គម នៅតែជាគោលដៅចម្បងរបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជានឹងមិនធ្វើអ្វីឱ្យខូចខាតប្រយោជន៍ជាតិនោះទេ។
-សម្ដេចធិបតី ថ្លែងប្រាប់ពលរដ្ឋឱ្យប្រយ័ត្នចំពោះការបរិច្ចាគថវិកាជួយកងទ័ពនៅព្រំដែន ព្រោះមានជនឆ្លៀតឱកាសបង្កើតគណនីហ្វេសប៊ុក ភ្ជាប់ជាមួយគណនីធនាគារ ឱ្យមហាជនបរិច្ចាគ រួចប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួន។
-សម្តេចតេជោ ថ្លែងឱ្យភាគីពាក់ព័ន្ធគិតគូរទុកមុន ប្រសិនបើថ្ងៃក្រោយ អ្នកផលិតមាតិកាតាម Youtube អាចរកថវិកាបានក្រោមឈ្មោះនៅកម្ពុជា ដើម្បីកុំឱ្យបាត់បង់សណ្ដាប់ធ្នាប់សីលធម៌សង្គម ព្រោះអ្នកបង្កើតមាតិកាខ្លះ ដើម្បីតែទឹកប្រាក់ ធ្វើទង្វើអសីលធម៌។
-សម្ដេចធិបតី ថ្លែងទម្លាយថា ដោយសារតែទឹកចិត្តសណ្ដោស អាណិត ភរិយា និងប្អូនស្រីសម្ដេច ចាញ់បោក មនុស្សពីរនាក់ ដែលជាម្ដាយ និងកូន ទាក់ទងមកសុំថវិកា ដើម្បីទិញមឈូស ធ្វើបុណ្យសព ទាំងដែលអ្នកប្រើបណ្ដាញសង្គមកំពុងជាប់ពន្ធនាគារ។
– សម្ដេចធិបតី ថ្លែងផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមថា បើអ្នកមិនបានខុសកុំភ័យដែលរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលគប់គិតជាមួយបរទេសប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ ខណៈច្បាប់នេះ មានប្រទេសចំនួន ១៥៤ ប្រទេសនៅលើពិភពលោកមានច្បាប់នេះ។
-សម្ដេចធិបតី ថ្លែងសង្កត់ធ្ងន់ថា កុំខ្លាចច្បាប់ដកសញ្ជាតិខ្មែរពីកំណើត បើអ្នកស្នេហាជាតិពិតប្រាកដ ហើយមិនឃុបឃិតជាមួយបរទេសបំផ្លាញជាតិឯង។
– សម្ដេចធិបតី ថ្លែងថា កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើសម្រាប់ប្រជាជន និងប្រទេសជាតិ។
– សម្ដេចធិបតី ថ្លែងថា ខេត្តកំពង់ធំនឹងក្លាយជា សួនឧស្សាហកម្មស្វាយចន្ទី ខណៈរាជរដ្ឋាភិបាលសម្ដេចផ្ទាល់ បានដាក់ចេញយុទ្ធសាស្រ្ដរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនវិនិយោគផ្ទាល់នៅខេត្តនេះ ដើម្បីប្រែក្លាយជាអធិរាជស្វាយចន្ទីនាពេលខាងមុខ។
-សម្ដេចធិបតី ថ្លែងថា ខេត្តកំពង់ធំនឹងក្លាយជាកន្លែង ទៅ Stop មក Stop ដោយបេះដូង ខណៈសម្ដេចឱ្យតែមកកាន់ខេត្តនេះមិនដែលភ្លេចទេ សាច់គោងៀត និងបាយដំណើប។
– សម្ដេចធិបតី ថ្លែងណែនាំក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ រៀបចំហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ បង្កើតបរិស្ថាន និងជំរុញការដាំដុះ សហការជាមួយធនាគារអាស៊ី ឲ្យមានភាពប្រទាក់ក្រឡាគ្នាគ្រប់ខេត្ត កាត់បន្ថយការនាំចូលពីបរទេស ដើម្បីធានាការផ្គត់ផ្គង់ខ្លួនឯងបាន ដើម្បីបម្រើប្រជាពលរដ្ឋ៕