ខេត្តព្រៃវែង ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា ៖ ទោះអ្នកឯងចង់ថាអីថាទៅ ប៉ុន្ដែសភានឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះហើយ។ រដ្ឋធម្មនុញ្ញនឹងត្រូវបានធ្វើវិសោធនកម្មដើម្បីផ្ដល់ឱកាសដល់ការដកសញ្ជាតិពីជនដែលគប់គិតជាមួយបរទេសក្បត់ជាតិឯង។
នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា អ្នកឯង (ក្រុមប្រឆាំងនៅក្រៅប្រទេស) ខំប្រឹងគប់គិតជាមួយបរទេសប្រឆាំងខ្មែរទៀតទៅ ព្រោះលើកនេះជាសំណើរួមគ្នារបស់សភាទាំង ១២៥រូប ជាមួយនិងរាជរដ្ឋាភិបាល ស្នើសុំទៅព្រះមហាក្សត្រ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជុំវិញការធ្វើវិសោធនកម្មច្បាប់នេះ ខណៈនេះសភា និងរដ្ឋាភិបាលបានស្នើទៅព្រះមហាក្សត្ររួចហើយ ហើយព្រះមហាក្សត្របានត្រាស់សួរទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះអង្គរួចហើយថា ការធ្វើវិសោធនកម្មច្បាប់នេះអាចធ្វើបានដោយមិនផ្ទុយនឹងមាត្រាដែលទាក់ទិននឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្សនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅក្រុមប្រឆាំងជាពិសេស ពួក ឧទ្ទាមក្រៅច្បាប់ថា រដ្ឋសភានឹងបើកកិច្ចប្រជុំឆាប់ៗនេះ ដើម្បី ធ្វើវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញ ដកសញ្ជាតិហើយ ដោយសារតែពួកទាំងនោះបានធ្វើរឿងមិនគប្បីចំពោះជាតិ ពោល គឺឃុបឃិតជាមួយបរទេស ជាពិសេសទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាយោបល់ និងណែនាំទៅក្រសួងយុត្តិធម៌ឲ្យធ្វើការសិក្សា និងពិចារណាធ្វើវិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ ចំពោះជនណាដែលឃុបឃិត ជាមួយបរទេសដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិសាសន៍ឯង ជាពិសេស គឺករណីដែលកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសនេះតែម្តង។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានសម្តែងការហួសចិត្តចំពោះមេក្រុមឧទ្ទាមក្រៅច្បាប់នោះដែរ ដែលបាន ជិះទូកមិនពុលរលកសោះ បែរជាផ្តាំមកសម្តេចថាសុខភាពគេនៅល្អ ខណៈវិដេអូឃ្លីប ពីជននេះផ្ញើមកសម្តេចនោះ ក្នុងគោល បំណងចង់ឲ្យសម្តេចឆ្លើយឆ្លងជាមួយគេ ដើម្បីឡើងកូដ។ តែយ៉ាងណាក៏ដោយ សម្តេចបានបញ្ជាក់ថា សម្តេចមិនធ្វើការឆ្លើយតបនោះឡើយ ប៉ុន្តែមានយុវជនជំនាន់ក្រោយដែលគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជាបានវាយបកទៅវិញយ៉ាងចាស់ដៃដល់ជននេះផងដែរ៕
ដោយ ៖ សិលា