ភ្នំពេញ ៖ ប្រវត្តិសាស្ត្រជាគន្លងមួយសម្រាប់អ្មកជំជំនាន់ក្រោយរៀនសូត្រអំពីអតីតកាល ដើម្បីយល់ពីដើមកំណើត កំហុសឆ្គង និងស្វែងរកវិធីការពារ មិនឲ្យអំពើអាក្រក់កើតឡើងម្តងទៀត។ ទោះជាយ៉ាងណា បើមានការកាឡៃ ឬបំពានលើសេចក្ដីពិតនៃប្រវត្តិសាស្ត្រ ដោយបង្ហាញអតីតកាលតាមការចង់បាន ឬការពារផលប្រយោជន៍ផ្ទាល់ខ្លួន វានាំអោយកើតជាបញ្ហាដ៏ធ្ងន់ធ្ងរនៅក្នុងសង្គម។
ការបង្រៀនប្រវត្តិសាស្ត្រដល់កូនចៅដោយបែបការពារ “ខ្លួនឯង” ឬបង្ហាញខ្លួនជាជនរងគ្រោះតែម្ដង ដោយមិនគិតដល់ទំនាក់ទំនង និងការចូលរួមរបស់ខ្លួនក្នុងអំពើអាក្រក់ពីអតីតកាល អាចបង្កឲ្យអ្នកជំជំនាន់ក្រោយកើតអារម្មណ៍មិនល្អចំពោះអ្នកដទៃ និងបន្តប្រព្រឹតអំពើឆ្កួត និងបំពានអ្នកដទៃ និងបណ្តាលឲ្យជុំវិញខ្លួនមានសត្រូវផ្នែកទស្សនៈ និងអារម្មណ៍ច្រើនជាងមុន។ វាដូចជាការរស់នៅក្នុងចំការមីននៅជុំវិញខ្លួនឯងដែលអាចផ្ទុះភ្លាមៗនៅពេលមានការប៉ះពាល់។
ដូច្នេះ ការបង្រៀនប្រវត្តិសាស្ត្រយ៉ាងមានទំនួលខុសត្រូវ គឺជារឿងសំខាន់ណាស់។ វាត្រូវផ្អែកលើសេចក្ដីពិត ប្រកបដោយតុល្យភាព និងបើកចំហចំពោះការពិភាក្សាបញ្ហានានាដែលកើតឡើង។ ការយល់ព្រមលើស្នាមរបួស និងអតីតភាពជាអំណាចក្នុងការស្ថាបនាសន្តិភាព និងទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន ៕
(ទស្សនតាបូរណ៍)