រឿង ភ្នែកនៅក្នុងចិត្ត(តចប់)

ចែករំលែក៖

បន្ទាប់ពីរៀបមង្គលការរំលងបានប្រហែលមួយខែ ស្រាប់តែប្រធានសហករណ៍ចាត់យកយុវជន យុវនារី នារីសកម្មទៅធ្វើការនៅរោងស្រូវភ្នំពេញ។ សោភី ក្រោយពីបានក្លាយជាប្រប្រជាជនពេញសិទ្ធិត្រូវបានប្រធានសហករណ៍ជ្រើសរើស។ ចំណែកសោភ័ណ ពេលដឹងថាម្ដាយរបស់ខ្លួនបានទៅភ្នំពេញ នាងចង់ទៅតាមណាស់ តែគ្មានឈ្មោះនឹងគេ។ ពេលនោះមានយុវតីម្នាក់មិនចង់ទៅភ្នំពេញឡើយ ទើប សោភ័ណ ប្ដូរឲ្យនាងមកធ្វើការក្នុងរោងត្បាញវិញ ហើយ សោភ័ណ ទៅភ្នំពេញជំនួសវិញ។ សោភ័ណ និងម្ដាយបានចាកចេញពីសហករណ៍ដោយទុកឲ្យប្អូនប្រុសនៅជាមួយមីងព្រោះការងារទៅធ្វើការនៅភ្នំពេញលើកនេះមិនដឹងថា ស្លាប់ឬរស់ឡើយ ។ វិចិត្រ មិនហ៊ានមកជួបមុខសោភ័ណ ឡើយ ដោយនៅពេលដឹងថា សោភ័ណ ត្រូវឃ្លាតឆ្ងាយ។ វិចិត្រ ទៅអង្គុយសំកុកតែម្នាក់ឯង ទោះពេលហូបបាយក៏ វិចិត្រមិនទៅហូបដែរ។ រថយន្តចេញផុតទៅ វិចិត្របានត្រឹមតែមើលពីចម្ងាយ។ចំណែកកល្យាណ ដឹងច្បាស់ថា វិចិត្រ កំពុងតែមានចិត្តចំពោះ សោភ័ណ តែគាត់មិនហ៊ានប្រាប់សោភណ័ឡើយ ត្បិតអ្នកមានស្នេហា នៅពេលនោះនឹងត្រូវចោទប្រកាន់ថាក្បត់អង្គការ។ មិនខុសអ្វីដែល កល្យាណកំពុងមានចិត្តលើ តុត ដែរ តែកល្យាណមិនអាចបង្ហាញអារម្មណ៍បានទេ ព្រោះកល្យាណជាស្រី ហើយធ្លាប់បដិសេធមិនឆ្លងរាត្រីជាមួយនាយតុត ពេលរៀបការរួចថ្មីៗ។ ចំណែកសត្យា វិញទោះបីពេលធ្វើការច្រើនជាងពេលរៀន ការហូបចុកមិនគ្រប់គ្រាន់ និងត្រូវធ្វើការងារហួសកម្លាំង ក៏សត្យា ខិតខំចំណាំអក្សរដែល កល្យាណ បានបង្រៀនណាស់ ហើយថែមទាំងចេះប្រកបបានទៀត។
ក្រោយពីថ្ងៃរំដោះប្រាំពីរមករាឆ្នាំ ១៩៧៩ ប្រជាជនសប្បាយចិត្តណាស់។ កងទ័ពខ្មែរក្រហមនាំគ្នារត់ចូលព្រៃអស់។ ប្រជាជនម្នាក់ៗចាកចេញពីសហករណ៍ទៅរកស្រុកកំណើតរៀងៗខ្លួនវិញ។ ឆ្មាំជង្រុកស្រូវក្រោយពីដឹងថាកងទ័ពខ្មែរក្រហមបែកក៏នាំគ្នារត់ចោលស្រូវអង្ករ។ ប្រជាជនខិតខំប្រមូលយកអង្ករទៅដាំបាយបរិភោគរហូតខ្លះហល់បាយស្លាប់ក៏មែនដែរ។អ្នកមានគ្រួសារប្រពន្ធកូន រត់រកគ្នាយំច្រហឹងគួរឲ្យសង្វេគម្ដងទៀត។ ទិដ្ឋភាពបែបនេះ មិនមែនមានតែនៅតំបន់ភ្នំពេញ និងតំបន់សៀមរាបនោះទេ គឺកើតឡើងគ្រប់តំបន់ទាំងអស់នៅក្នុងប្រទេសកម្ពុជា។
ពេលស្ថានភាពប្រសើរឡើងកល្យាណ បាននាំក្មួយសត្យាទៅភ្នំពេញវិញទាំងប្រញាប់ប្រញាល់។ ក្រុមគ្រួសាររបស់ អ៊ំជង់ និងនាយតុត បានមកជួបជុំគ្នាទាំងអស់។កល្យាណ និងក្មួយប្រុសបានរៀបបង្វេចរង់ចាំរថយន្តកងទ័ពសង្គ្រោះ។ ពេលរថយន្តមកដល់កល្យាណ និងក្មួយប្រុសសំពះលាអ៊ំជង់ មីងភូ និងស្វាមីរបស់នាងដោយនិយាយថា
កល្យាណ÷ ពូមីង ខ្ញុំជម្រាបលាសិនហើយ។ អរគុណសម្រាប់ការផ្ដល់ជម្រក និងការថែទាំរបស់អ្នកទាំងពីរ។ កុំតែមានអ្នកទាំងពីរប្រហែលខ្ញុំគ្មានជីវិតទេ។
អ៊ំជង់÷ មិនអីទេ យើងនេះសប្បាយណាស់ដែរ ដែលបានរួចផុតជីវិតពីរបបនេះ តែអ្វីៗដែលយើងខ្មាសនោះ គឺមិនអាចជួយជីវិតកុសលបាន។
កល្យាណ÷ កុំបន្ទោសខ្លួនឯងអីគួរតែបន្ទោសរបបយង់ក្នុងនេះ។លោកអ៊ំ និងគ្រួសារធ្វើបានល្អបំផុតហើយសម្រាប់ខ្ញុំ។
សិត្យា÷ មែនហើយលោកអ៊ំ។ សត្យា និយាយរួចទៅឱបលាអ៊ំជង់។
កល្យាណ÷ អ្នកតុត ខ្ញុំក៏អរគុណអ្នកណាស់ដែរ ដែលរក្សាភាពបរិសុទ្ធឲ្យខ្ញុំ។ បើអ្នកមិនមែនជាមនុស្សល្អទេ ប្រហែលពេលនេះខ្ញុំមិនអាចឈរនៅទីនេះបានឡើយ។
នាយតុត÷ បាទមិនអីទេអ្នកនាង!នាយតិត ឈរកាន់ឈើច្រត់នឹងដៃម្ខាងដាក់ទៅក្រោយនៅក្បែរនោះដែរ។
កល្យាណ÷ មើលទៅ អ្នកតុត ចង់មានពាក្យអ្វីនិយាយមែនទេ?កល្យាណមើលទៅនាយតុតហាក់ដូចមានអ្វីចង់និយាយទើបសួរ។
នាយតុត÷ គ្មានទេ! ខ្ញុំគ្រាន់តែចង់ជូនរបស់នេះដល់អ្នក ហើយជូនពរឱ្យអ្នកនឹងក្មួយសុខសប្បាយតាមផ្លូវ ឆាប់ជួបជុំក្រុមគ្រួសារ។ និយាយរួចនាយតុតបានហុចប្រអប់ឈើមួយទៅឲ្យកល្យាណ។
កល្យាណ÷ ចាសអរគុណ!កល្យាណទទួលយកដោយស្នាមញញឹម រួចបែរមកនិយាយបន្ថែមទៀតថា ខ្ញុំអរគុណអ្នកទាំងអស់គ្នា។ ពេលខ្ញុំបានជួបជុំក្រុមគ្រួសារ ហើយប្រទេសសុខសាន្តត្រាណពេញលេញ ខ្ញុំនឹងមកលេងអ្នកទាំងអស់គ្នាវិញ។
សិត្យា÷ បងវិចិត្រខ្ញុំលាសិនហើយ។ បើបងមានពាក្យពេចន៍អ្វីចង់ប្រាប់បងស្រីរបស់ខ្ញុំ សូមបងផ្ដាំតាមខ្ញុំមក។វិចិត្ររត់ទៅឱប សត្យា ហើយនិយាយដាក់ត្រចៀកខ្សឹបៗគ្រប់គ្នាឮតិចៗ។
វិចិត្រ÷ បើឯងជួបបងស្រីមែន ជួយប្រាប់នាងផងថា ខ្ញុំមិនបានភ្លេចនាងទេ ខ្ញុំនឹងចាំនាងនៅអង្គរ។ សត្យា ញញឹមខ្ជឹបងក់ ក្បាល ហើយលើកដៃលាគ្រប់គ្នា។
រថយន្តដែលពោរពេញទៅដោយមនុស្សក្មេងចាស់មានរបស់របរពេញដៃបានចាកចេញបាត់មោលសូន្យឈឹងពីទឹកដីអង្គរ។ នៅតាមដងផ្លូវមានសាកសព ជាច្រើនស្លាប់គរលើគ្នា។ រយៈពេលជាងមួយសប្តាហ៍ ទើបរថយន្តបើកទៅដល់ភ្នំពេញ។ សំឡេងរថយន្តតិចៗបានបន្ថុល្បឿនដើម្បីដាក់កល្យាណ និងសិត្យាចុះ។ សត្យាបានជួបម្ដាយ និងបងស្រីក៏រត់ឱបគ្នាប្រកបដោយទឹកមុខរីករាយ។រថយន្តដាក់របស់របរចុះហើយក៏បន្តដំណើរទៅមុខទៀត។
សំឡេងតែតៗៗ នៅខាងមុខផ្ទះហើយទ្វារឡានក៏បានបើកឱ្យឃើញប្តីប្រពន្ធមួយគូចុះពីលើឡាន និងមានប្ដីប្រពន្ធចាស់ចេញទៅទទួល។ មួយសន្ទុះក៏ឮសំឡេងបុរសចំណាស់ម្នាក់ស្រែកហៅថា ចៅស្រីមកនេះម៉ាក់ ប៉ាឯងទិញនំចំណីផ្លែឈើច្រើនណាស់។ មកជួយរៀបចំដើម្បីទទួលទេវតាឆ្នាំថ្មីនៅថ្ងៃស្អែកនិងឆាប់បានទៅលេងប្រាសាទអង្គរទាំងអស់គ្នា។ ចា៎ស!លោកតាខ្ញុំអានសៀវភៅបញ្ចប់មួយទំព័រនេះសិន ។ សំឡេងក្មេងស្រីជំទង់ស្រែកឆ្លើយតបចេញពីសួនច្បារវីឡាខាងក្រោយ។

ក្មេងស្រីជំទង់នោះអានសៀវភៅបញ្ចប់រួចទុកដាក់សៀវភៅយ៉ាងស្អាតក្បែរប្រអប់ឈើមានដាក់រូបថតជុំគ្នារវាងគ្រួសារ កុសល និងគ្រួសារអ៊ំជង់ពីខាងលើ។ នាងរត់មកជួយរៀបចំនំចំណី ផ្លែឈើ ដាក់ចានហើយទុកលើតុខាងក្រោយរូបថតចំនួនប្រាំផ្ទាំងធំៗនោះរួមមានទាំងរូបថត កុសល សោភីកល្យាណ សោភ័ណ និងរូបថតជុំគ្នា ២ គ្រួសារ កុសល និង អ៊ំជង់ ដែលថតនៅអង្គរវត្តមួយផ្ទាំងទៀតដែលកំពុងព្យួរនឹងជញ្ជាំង។ សមាជិកគ្រួសារទាំងអស់ជួបជុំគ្នាទទួលទានអាហារពេលល្ងាចយ៉ាងសប្បាយរីករាយ និងមានក្តីសុខ៕(ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print