សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីប្រជាពលរដ្ឋជឿទុកចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជា?

ចែករំលែក៖

ខេត្តកំពង់ធំ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលជឿទុកចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ ចំនួនប្រជាពលរដ្ឋដែលទៅបោះឆ្នោតមានរហូតទៅដល់ ៨២,២៣% ហើយក្នុងនោះ ៧៤,១១% បានបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា នេះបង្ហាញអំពីភាពច្បាស់លាស់របស់ប្រជាពលរដ្ឋ និងការផ្ដល់យុត្តិធម៌ទៅដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាស «អញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ» នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កាលពីឆ្នាំ២០២៣ មានកម្លាំងច្រើនណាស់ដែលបានរារាំងប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត និងប្រាប់ឲ្យទៅគូសបំផ្លាញសន្លឹកឆ្នោតចោល ប៉ុន្តែទីបំផុតមានប្រជាពលរដ្ឋជាង ៨២% បានទៅបោះឆ្នោតដោយមិនជឿតាមការញុះញង់ និងការអំពាវនាវរបស់បក្សប្រឆាំងទាំងនោះ។ ការណ៍នេះបានស្តែងឲ្យឃើញថា ប្រជាពលរដ្ឋជឿជាក់ទៅលើប្រព័ន្ធប្រជាធិបតេយ្យ ជឿជាក់ទៅលើការបោះឆ្នោតដែលជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសអ្នកដឹកនាំ បើទោះបីជាមានចលនាមួយចំនួនខំប្រឹងញុះញង់ក៏ដោយ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ប្រជាពលរដ្ឋជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ ហើយជឿជាក់លើភាពនឹងនរ និងស្ថិរភាពរបស់ប្រទេសជាតិក្រោយពីការបោះឆ្នោត ជាពិសេសជឿជាក់ថា គណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព ស្ថិរភាព និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ គណបក្សប្រជាជនបានជួយជីវិតប្រជាពលរដ្ឋច្រើនណាស់ មានធំៗ៣ ៖
ទី១-ការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ។
ទី២-នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ធ្វើឱ្យខ្មែរមានការបង្រួបបង្រួមជាតិ ឯកភាពទឹកដីតែមួយ កងទ័ពតែមួយ និងទី៣-ការសង្គ្រោះប្រជាពលរដ្ឋឲ្យឆ្លងផុតពីជំងឺកូវីដ-19 ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print