ភ្នំពេញ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងការបរទេស និងសហប្រតិបត្តិការ- អន្តរជាតិ និងមន្ត្រីការទូតនៅតាមបណ្តាស្ថានតំណាងកម្ពុជានៅបរទេស សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិត ផ្តួចផ្តើមប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើរាជរដ្ឋាភិបាលធ្វើការសិក្សាអំពីទិដ្ឋភាព ច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែល ឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញដល់ផលប្រយោជន៍ជាតិ។
គំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតនេះ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្នេហាជាតិមាតុភូមិដ៏មោះមុត និងទស្សនវិស័យដ៏វាងវៃច្បាស់លាស់របស់ សម្តេចតេជោប្រធានព្រឹទ្ធសភា ក្នុងការចូលរួមការពារសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងពេញលេញរបស់កម្ពុជា។ យើងខ្ញុំទាំងអស់គ្នាពិតជាមានមហាកិត្តិយស និងមោទនភាពជាទីបំផុត ដែលមានមេដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយព្រហ្មវិហារធម៌ និងស្មារតីទទួលខុសត្រូវ ខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ និងសុខុមាលភាពប្រជាជន ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព បូរណភាពទឹកដី អធិបតេយ្យជាតិ និងវិបុលភាពរបស់កម្ពុជា។
ទន្ទឹមនេះ យើងខ្ញុំទាំងអស់គ្នា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និងក្រៅប្រទេស សូមបន្តរួបរួមគ្នាជាធ្លុងមួយគាំទ្រគំនិតផ្តួចផ្តើមនេះ និងបន្តគាំទ្រឥតងាករេដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ការពារឧត្តមប្រយោជន៍ជាតិ សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យរួមរបស់កម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕ដោយ៖តារា