សម្តេចធិបតី ហ៊ុន ម៉ាណែត : តើការដកសញ្ជាតិពលរដ្ឋពីបទប្រឆាំងនឹងផលប្រយោជន៍ជាតិ មានតែនៅកម្ពុជា ឬយ៉ាងណា?

ចែករំលែក៖

ខេត្តកំពង់ធំ : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅក្រុមប្រឆាំងជ្រុលនិយមថា បើអ្នកពិតជាស្នេហាជាតិប្រាកដមែន សូមកុំភិតភ័យនឹងការដែលរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលគប់គិតជាមួយបរទេសប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ។

នៅក្នុងឱកាស «អញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ» នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោកនេះ ក្នុងចំណោម ១៩៥ ប្រទេសនៅក្នុងអង្គការសហប្រជាតិ មាន ១៥០ ប្រទេសហើយដែលគេមានច្បាប់ដកសញ្ជាតិនេះ។ សម្ដេចធិបតីបានគូសរំលេចថា សហរដ្ឋអាមេរិកក៏មានច្បាប់នេះដែរ ហើយក្នុងចំណោម ១៥០ ប្រទេស មាន ១៣៤ ប្រទេសដែលមានច្បាប់ដកសញ្ជាតិពីបទក្បត់ជាតិ ពោលគឺមិនមែនមានតែកម្ពុជាមួយនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អ្នកដែលមិនគប់គិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិធ្ងន់ធ្ងរ សូមកុំទៅព្រួយបារម្ភអ្វី។ ហើយអ្នកដែលស្នេហាជាតិពិប្រាកដ ស្រលាញ់ជាតិខ្មែរពិតប្រាកដ ទោះក្នុងដំណាក់កាលណាក៏ដោយ ទោះនៅបក្សណា ឬនិន្នាការណាក៏ដោយ ឲ្យតែមិនទៅគប់គិតជាមួយបរទេសដើម្បីបំផ្លាញជាតិខ្លួនឯងនោះ គឺមិនត្រូវបានប្ដឹងដកសញ្ជាតិឡើយ។
សម្តេចបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «(រឿងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ដកសញ្ជាតិ) សម្តៅលើខ្មែរណា ប្រឆាំងនឹងផលប្រយោជន៍របស់ខ្មែរ។ ឥលូវអ្នកខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្តេជ្ញាចិត្តទោះបីដង្ហើមចុងក្រោយមិនប្រឆាំងផលប្រយោជន៍ជាតិខ្មែរ អីចឹងកុំភ័យព្រួយពេក។ បើសិនអ្នកមានផែនការបំផ្លាញ គប់គិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ។ ប៉ុន្តែបើអ្នកបែបហ្នឹង មិនគួរជាខ្មែរទេ។ និយាយឲ្យច្បាស់តែម្តង»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើអ្នកមិនគប់គិតជាមួយបរទេស បំផ្លាញខ្មែរទេ កុំមានការព្រួយបារម្ភ អ្នកនយោបាយគេមិនដែលទៅគប់គិតជាមួយបរទេស ដើម្បីបំផ្លាញជាតិឯងនោះទេ។ ការដកសញ្ជាតិ មិនមែនមានតែប្រទេសផ្តាច់ការទេ ប្រទេសប្រជាធិបតេយ្យក៏មានដូចគ្នា។
សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print