ខេត្តព្រៃវែង : សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា ជុំវិញការបើក និងបិទច្រកព្រំដែនរវាងប្រទេសកម្ពុជានិងថៃ កម្ពុជាចង់បានស្ថានភាពដូចមុនពេលថៃបិទច្រកព្រំដែនជាឯកតោភាគី ហើយរឿងនេះថៃមិនចាំបាច់ស្នើសុំឱ្យមានការចរចារនោះទេ។
នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ដថា ការបិទច្រកព្រំដែននេះគឺស្ថិតនៅក្នុងស្ថានភាពចាញ់-ចាញ់ ហើយអ្នកដែលចាញ់ធ្ងន់ជាងគេ គឺមិនមែនខ្មែរនោះទេ។
ក្នុងរឿងព្រំដែននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូននាយករដ្ឋមន្រ្ដីសិង្ហបុរី ផងដែរថា កម្ពុជាចង់បានតែមួយចំណុចនេះទេ ប៉ុន្ដែកម្ពុជាក៏ត្រូវប្រុងប្រយ័ត្នដែរ ពោលគឺទំនិញអ្វីដែលជាចំណុចយុទ្ធសាស្រ្ដ កម្ពុជាមិនត្រូវទិញពីថៃទេ ដូចជា អគ្គិសនី អ៊ិនធើណិត ប្រេងឥន្ធនៈនិងឧស្ម័ន និងរឿងកុនថៃជាដើម។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «មានការប្រជុំមួយ ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិស្តីទីនៅទីក្រុងបាងកក។ គេចេញមកប្រកាសថា គេមិនបានបិទច្រកទេ គ្រាន់តែកែសម្រួលម៉ោងពេល។ មើលខ្ញុំសូមសួរទៅប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃ អាពាក្យបិទច្រក និងកែសម្រួលពេលវេលាហ្នឹងវាយ៉ាងម៉េច? វាបិទដូចតែគ្នា ព្រោះពីដើមថា ពីម៉ោង៦ដល់ម៉ោង ១០យប់ អីចឹងពេលហ្នឹងអ្នកឯងចំហរទ្វារ ដល់ក្រោយមកអ្នកឯងថាពីម៉ោង៨ដល់ម៉ោង៤ អ្នកឯងចាប់បិទ។ អាហ្នឹងថាម៉េចដែរ? និយមន័យ បើកតែកែសម្រួលពេលវេលាមានន័យម៉េច?»។
សម្តេចតេជោ បានបន្តថា ដើម្បីកុំឲ្យមានភាពអាម៉ាស សូមថៃនិយាយប្រាប់ប្រជាជនខ្លួនឯងទៅថា អ្វីដែលកម្ពុជាចង់បាន គឺស្ថានភាពបើកព្រំដែន ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ និងដោយបញ្ជាក់ថា ការកែសម្រួលពេលវេលាត្រូវបានបញ្ចប់គ្រប់ច្រកទាំងអស់។ បើថៃធ្វើបានប៉ុណ្ណឹង រឿងនឹងចប់ហើយ ដោយអត់ចាំបាច់មកសុំចរចារជាមួយកម្ពុជានោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ថៃមិនត្រឹមតែភូតកុហកកម្ពុជាទេ គឺភូតកុហកពលរដ្ឋថៃខ្លួនឯង និងភូតកុហកពិភពលោក ៕
ដោយ : សិលា