ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានផ្តល់ការបកស្រាយបំភ្លឺ និងការបញ្ជាក់ជំហរបន្ថែម ឆ្លើយតបនឹងការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ណាត់ថាផុល ណាកផានិច្ច អនុរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ តាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានថៃ ពាក់ព័ន្ធនឹងកិច្ចប្រជុំGBC និងការបិទ-បើកច្រកព្រំដែនកម្ពុជា-ថៃ ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលទាំងស្រុងចំពោះការអះអាងខុសពីការពិតរបស់ភាគីថៃ ដែលថា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី នៃក្រសួងការពារជាតិកម្ពុជា មានការពិភាក្សាក្រៅផ្លូវការជាមួយនាយឧត្តមសេនីយ៍ ណាត់ថាផុល ណាកផានិច្ច អនុរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីស្តីទី នៃក្រសួងការពារជាតិថៃ និងបានព្រមព្រៀងឱ្យមានកិច្ចប្រជុំ GBC ដោយពេលនេះកំពុងជជែកលើលក្ខខណ្ឌមួយចំនួន ដើម្បីឱ្យមានការឯកភាពគ្នាជាមុនសិន។
ក្រសួងការពារជាតិកម្ពុជា សូមគូសបញ្ជាក់ថា ចាប់តាំងពីជំនួបរវាង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី នៃក្រសួងការពារជាតិកម្ពុជា និងលោក Phumtham Wechayachai ឧបនាយករដ្ឋមន្រ្តី និងជាអតីតរដ្ឋមន្ត្រី នៃក្រសួងការពារជាតិថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ នោះមក ពុំមានជំនួបផ្លូវការ ឬក្រៅផ្លូវការណាមួយរវាងថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិទាំងពីរនោះឡើយ។
ក្នុងន័យនេះ ក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ រក្សាជំហរច្បាស់លាស់ អនុវត្តដោយម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ នូវរាល់ការសម្រេចចិត្ត និងបទបញ្ជាទាំងឡាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ គួររំឮកផងដែរថា ស្ថានភាពកាន់តែអាក្រក់ និងតានតឹងឡើង ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ គឺបង្កឡើងដោយកងទ័ពថៃ ដែលបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតគូរអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ និងជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរឡើយ។
ក្រសួងការពារជាតិកម្ពុជា ស្វាគមន៍ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ណាត់ថាផុល ណាកផានិច្ច ដែលបានសង្កត់ធ្ងន់ពីការផ្តល់តម្លៃ ការគោរពគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាងគ្នា និងបានបង្ហាញអំពីក្តីកង្វល់ពីសុខទុក្ខ និងបញ្ហាប្រឈមរបស់ប្រជាជនទាំងពីរដែលរស់នៅប្រកបរបរចិញ្ចឹមជីវិតនៅតាមតំបន់ព្រំដែន ដែលកើតចេញពីការបិទ-បើក និងការផ្លាស់ប្តូរម៉ោងពេលនៅតាមច្រកព្រំដែនដោយឯកតោភាគីរបស់យោធាថៃ។
ចំពោះការបើកឱ្យដំណើរការច្រកព្រំដែនកម្ពុជា-ថៃ កម្ពុជានៅបន្តរក្សាជំហរដដែល។ ការបើកច្រកព្រំដែន អាស្រ័យលើឆន្ទៈរបស់ភាគីថៃប៉ុណ្ណោះ ដោយធ្វើឱ្យស្ថានភាពច្រកព្រំដែនទាំងអស់ត្រឡប់ទៅមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ហើយភាគីកម្ពុជានឹងបើកគ្រប់ច្រកព្រំដែនឡើងវិញយ៉ាងយូររយៈពេលប្រាំម៉ោងក្រោយ។
កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តឥតងាករេក្នុងការគាំទ្ររាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ កងទ័ពកម្ពុជានៅតែរក្សាការតាំងចិត្ត ក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន និងលើកកម្ពស់ទំនាក់ទំនងមិត្តជិតខាងល្អ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕
ដោយ ៖ សិលា