រុស្ស៊ីទទួលស្គាល់រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាន សង្ឃឹមថាទំនាក់ទំនងទ្វេភាគីនឹងត្រូវបានលើកកម្ពស់ក្នុងវិស័យជាច្រើន។
រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi បាននិយាយកាលពីថ្ងៃទី 3 ខែកក្កដាថា “ការសម្រេចចិត្តដ៏ក្លាហាននេះនឹងក្លាយជាគំរូសម្រាប់អ្នកដទៃ។ នៅពេលដែលដំណើរការនៃការទទួលស្គាល់ពួកយើងបានចាប់ផ្តើម ប្រទេសរុស្ស៊ីគឺនាំមុខគេ” ដោយបានហៅវាថាជាដំណាក់កាលថ្មីមួយនៃ “ទំនាក់ទំនងវិជ្ជមាន ការគោរពគ្នាទៅវិញទៅមក និងការរួមចំណែកក្នុងន័យស្ថាបនា”។
អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន Zia Ahmad Takal ក្រោយមកបានអះអាងថា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា “យើងជឿជាក់ថាការទទួលស្គាល់រដ្ឋឥស្លាមអាហ្វហ្គានីស្ថាននឹងជំរុញការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរក្នុងវិស័យមួយចំនួន”។
មន្ត្រីរុស្ស៊ីបានលើកឡើងពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងវិស័យថាមពល ការដឹកជញ្ជូន កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាមួយអាហ្វហ្គានីស្ថាន។ ទីក្រុងមូស្គូសង្ឃឹមថានឹងបន្តគាំទ្រទីក្រុងកាប៊ុលក្នុង “ការពង្រឹងសន្តិសុខក្នុងតំបន់ និងការប្រឆាំងការគំរាមកំហែងពីអំពើភេរវកម្ម និងការជួញដូរគ្រឿងញៀន”។
រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទាក់ទង និងកសាងទំនាក់ទំនងជាមួយក្រុមតាលីបង់ ចាប់តាំងពីក្រុមនេះឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ 2021។ ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានពណ៌នាក្រុមតាលីបង់ថាជា “សម្ព័ន្ធមិត្តរបស់រុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម” ក្នុងខែកក្កដា ឆ្នាំ 2024 ៕
រូបថត: AFP