ក្រុមការងារទាំងបីរបស់កម្ពុជានិងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គទទួលបានផ្លែផ្កាពីកិច្ចប្រជុំលើកទី២

ចែករំលែក៖

ភ្នំពេញ៖​ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជា ថ្លែងបែបនេះក្រោយពីប្រទេសមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ រួមមាន៖​ កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម បានបិទបញ្ចប់កិច្ចប្រជុំលើកទី២របស់ខ្លួន​ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥​ក្រោយពីចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ មក ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមថា ប្រទេសមហាអនុតំបន់ទន្លេមេគង្គទាំងអស់បានធ្វើបច្ចុប្បន្នភាពការងាររបស់ខ្លួនដែលបានសម្រេចកាលពីកិច្ចប្រជុំលើកទី១ ឆ្នាំ២០២៤ កន្លងមក ព្រមទាំងបានលើកយកនៅបញ្ហាប្រឈមក៏ដូចជាវិធានការឆ្លើយតបនានាមកធ្វើការចែករំលែកចំណេះដឹង និងការលើកជាសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៥ -២០២៦ បន្តទៀត។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្ថែមទៀតថា ក្រុមការងារទាំងបីរបស់កម្ពុជាបានលើកយកនូវសកម្មភាពថ្មីៗមានជាអាទិ៍ : បណ្ដុះបណ្ដាលជំនាញនៃគ្រួសារ គ្រូបង្គោល វេទិកាយុវជន មិត្តអប់រំមិត្ត ការងារអប់រំសហគមន៍ពហុសាសនា លើកកម្ពស់ការងារអប់រំ បង្ការ ការប្រើប្រាស់​ប្រព័ន្ធ PEN online និង PEN online light និងការពង្រឹងសមត្ថភាពគ្រប់គ្រង-បំផ្លាញដោយសុវត្ថិភាពនូវសារធាតុគីមីផ្សំ ការផ្ដល់ព័ត៌មានពីការនាំចេញ-ចូលសារធាតុគីមីផ្សំ ការចែករំលែកព័ត៌មានពីគ្រឿងញៀនថ្មី NPS  ការកសាងសមត្ថភាពមន្ត្រីពិសោធន៍ យន្តការការប្រើប្រាស់ MNR Spectrum Surveillance ការវិភាគគំរូ  ការពង្រឹងកិច្ចសហប្រតិបត្តិការលើការវិភាគ និងការកំណត់អត្តសញ្ញាណគ្រឿងញៀន ការកំណត់សកម្មភាពជាអាទិភាពដើម្បីបង្កើនសមត្ថភាពកោសល្យវិច្ច័យ និងយន្តការចែករំលែកព័ត៌មាននៅទូទាំងតំបន់មេគង្គ។

ក្នុងកិច្ចប្រជុំនោះដែរ លោក Benedikt Hofmann អ្នកតំណាងUNODC អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិកបានលើកឡើងថា ១ឆ្នាំកន្លងមកតំបន់បន្តប្រឈមនឹងការវិវត្តនិងបញ្ហាប្រឈមដ៏ស្មុគស្មាញទាក់ទងនឹងការផលិត ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។ ថ្នាំញៀនមេតំហ្វេតាមីនចំនួន ២៣៦ តោនត្រូវបានរឹបអូសនៅអាស៊ីបូព៌ា និងអាគ្នេយ៍ក្នុងឆ្នាំ ២០២៤កើន២៤ភាគរយលើសឆ្នាំមុនមាន១៩០តោន ហើយលោកបានកោតសសើរដល់ក្រុមការងារទាំងបីដែលបានចូលរួមចំណែកអនុវត្តការងារបានល្អ និងបានលើកជាសកម្មភាពក្នុងកិច្ចប្រជុំលើកទី២ ដើម្បិបានអនុវត្តបន្ត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print