ភ្នំពេញ៖ រថយន្ដម៉ាកតូយូតា ព្រុសមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្ន ទៅបុកស្ត្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវបំបែកជាបួនចំពីចំហៀងពេញទំហឹងបណ្ដាលម្ចាស់ម៉ូតូខ្ទប់និងកញ្ចក់រថយន្ដ រថយន្ដរបួសធ្ងន់ ចំណែកម៉ូតូនិងរថយន្ដរងការខូចខាត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ រសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចស្ពាននាគ តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនិងផ្លូវ១០៨ ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុមានស្រ្ដីម្នាក់ជិះម៉ាក PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CA- 1727 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៨ ទិសដៅពីលិចមកកើត ខណៈពេលដល់ចំណុចផ្លូវបំបែកជាស្ពាននាគបានឆ្លងផ្លូវ ស្រាប់តែពេលក៏មានរថយន្ដរថយន្ដតូយូតាព្រុស មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BD- 4148 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅទៅត្បូងមកជើងក្នុងល្បឿនលឿន បើកខ្វះការប្រុងប្រយ័ត្នក៏ទៅបុកម៉ូតូចំពីចំហៀងពេញទំហឹង បណ្ដាលអោយម្ចាស់ម៉ូតូខ្ទប់និងកញ្ចក់រថយន្ដ រងរបួសធ្ងន់ និងបន្ដទៅបុកខឿនផ្លូវបែកកង់ម្ខាង។ ភ្លាមនោះម្ចាស់រថយន្ដក៏បានហៅម៉ូតូកង់បីដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យអង្គឌួងផងដែរ ។
ដោយឡែកម៉ូតូជនរងគ្រោះរងការខូចខាតផ្នែកពីចំហៀងខាងស្ដាំ ចំណែករថយន្ដរងការខូចខាតកញ្ចក់ធ្ងន់ធ្ងរ និងខូចខាតផ្នែកពីមុខនៃចំខាងឆ្វេងនិងបែកកង់ម្ខាងផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់ចំណុចកើតហេតុបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាសវែងយករថយន្ដនិង ម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ