សេចក្តីបំភ្លឺព័ត៌មានស្តីពី៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការយកពន្ធលើការនាំចូលស្រូវរបស់កម្ពុជា ទៅទីផ្សារវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមធ្វើការបំភ្លឺជូនសាធារណៈជនមេត្តាជ្រាបថា ថ្មីៗនេះក្រសួងបានសង្កេតឃើញថា មានគណនីហ្វេសបុកឈ្មោះ “បងឋាន ទិញស្រូវ” ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការយកពន្ធលើការនាំចូលស្រូវ របស់កម្ពុជាទៅទីផ្សារវៀតណាម ដែលព័ត៌មាននេះបង្កការភ័ន្តច្រឡំ និងជះឥទ្ធិពលអវិជ្ជមានចំពោះអាជីវកម្មស្រូវ របស់ប្រជា កសិករ និងអាជីវករកម្ពុជា ដែលមានអាជីវកម្មនាំចេញស្រូវ អង្ករទៅប្រទេសវៀតណាម។ ក្រសួង សូមធ្វើការជម្រាបជូនដំណឹង ចំពោះករណីនេះថា យោងតាមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានចែងក្នុងប្រការ១ ប្រការ២ និងប្រការ៣ នៃកិច្ចសម្របសម្រួលនេះ នូវបញ្ជីមុខទំនិញត្រូវទទួលបាន ភាពអនុគ្រោះពន្ធនាំចូលពិសេសតាមអត្រាស្មើសូន្យ ដែលក្នុងនោះទំនិញអង្ករត្រូវបានកំណត់ កូតានាំចូលទៅវៀតណាមក្នុងឆ្នាំ២០២៥ ស្មើនឹង ៣០ម៉ឺនតោន ហើយភាគីទាំងពីរឯកភាពកំណត់គិតជាមធ្យមភាគសម្រាប់ ២គីឡូក្រាមស្រូវស្មើនឹង ១គីឡូក្រាមអង្ករ។

ទន្ទឹមនឹងនេះ តាមការផ្តល់ព័ត៌មានពីមន្ត្រីពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជា ណាចក្រកម្ពុជា បានបំភ្លឺថាពុំមានការយកពន្ធលើការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាមនោះទេ ដោយផ្អែកទៅលើការអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អាស្រ័យហេតុនេះ សូមសាធារណជន ប្រជាកសិករ និងអាជីវករដែលធ្វើការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារវៀតណាម មេត្តាជ្រាបជាព័ត៌មាន និងសូមកុំជឿព័ត៌មានមិនពិតដែលបានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម ហើយក្នុងករណីមានចម្ងល់ បន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ សូមទាក់ទងមកប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្មលេខ ១២៦៦ នៅរៀងរាល់ ម៉ោងធ្វើការ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print