ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ នៅតែបន្តត្រួតពិនិត្យចំណីអាហារនិងផលិ តផលដាក់លក់នៅលេីទីផ្សារដេីម្បីសុវត្ថិភាពនិងសុខ មាលភាពអ្នកប្រេីប្រាស់។
ជាក់ស្ដែងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោក វរសេនីយ៍ឯក យី យក់សាន នាយការិយាល័យ នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចដឹកនាំកម្លាំងការិ យាល័យ សហការជាមួយមន្រ្តីសាខា (ក.ប.ប) ខេត្តនិងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារនៅផ្សារថ្មគោល ស្ថិតនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង រួមមាន៖ គ្រឿងសមុទ្រ ប្រហុក ផ្អក ត្រីងៀត ត្រីប្រាសំយ៉ុង ផ្អកពងត្រី សាច់ក្រក និង នំចាំង ដើម្បីរកសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ។
ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញមឹករំដួល០១គំរូមានដាក់សារធាតុគីមីហាមឃាត់ Formaline ចំនួន ០៧គីឡូក្រាម ដែលមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតយកមកកម្ទេចចោលតាមនីតិវិធី។
ទន្ទឹមនឹងនោះបានផ្សព្វផ្សាយនិងចែកជូននូវ poster ស្តីពីផលប៉ះពាល់អំពីសារធាតុគីមី Auramin O ឬBY2 ដល់អ្នកលក់ទុរេន និងអ្នកប្រើប្រាស់បានចំនួន១ ០០ សន្លឹក ព្រមទាំងបានណែនាំដល់អាជីវករឱ្យយល់ដឹងពីការតាំងលក់ទំនិញប្រកបដោយគុណភាព សុវត្ថិភាពជូនអ្នកប្រើប្រាស់ និងហាមតាំងលក់ទំនិញបំពានសិទ្ធិផ្តាច់មុខចៀសវាងមានបញ្ហាប្រឈមចំពោះមុខច្បាប់៕ដោយ៖តារា