រឿង រត់

ចែករំលែក៖

ព្រឹកព្រលឹមមិនទាន់ ខ្ញុំរូតរះភ្ញាក់ពីតំណេកដើម្បីរៀបចំខ្លួនទៅសាលារៀន។ ព្រឹកនេះម៉ូតូរបស់ខ្ញុំខូច ខ្ញុំត្រូវហៅម៉ូតូកង់បីដើម្បីធ្វើដំណើរទៅកាន់សាកលវិទ្យាល័យរបស់ខ្ញុំ។ ម៉ូតូកង់បីដែលខ្ញុំជិះបានឈប់ទ្រឹងនៅមួយកន្លែងព្រោះតែការក៏ស្ទះចរាចរណ៍។ ខ្ញុំនិងអ្នកបើកបរបាននិយាយគ្នាលេងអំពីមុខរបររកស៊ីហើយគាត់បានត្អូញត្អែរប្រាប់ខ្ញុំថា សព្វថ្ងៃនេះគាត់ពិបាករកលុយណាស់ហើយទំនិញចេះតែឡើងថ្លៃ ធ្វើឲ្យគាត់ជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់។ បន្ទាប់មក គាត់បានលាន់មាត់ថាគាត់ចង់វិលត្រឡប់ទៅរស់នៅក្នុងរបបខ្មែរក្រហមវិញ។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលឮថាគាត់ចង់វិលត្រឡប់ទៅរស់នៅក្នុងរបបខ្មែរក្រហមដែលមនុស្សគ្រប់គ្នាតែងតែខ្លាចរអា ប៉ុន្តែការពិតនេះគ្រាន់តែជាពាក្យសម្ដីនិយាយលេងសើចរបស់គាត់តែប៉ុណ្ណោះ។ រំលឹកដល់រឿងនេះអ្នកបើកបរម៉ូតូកង់បីបានរៀបរាប់ប្រាប់ខ្ញុំពីបទពិសោធន៍ជីវិតរបស់គាត់ថា
ក្មួយអើយ! នៅក្នុងរបបខ្មែរក្រហម យើងមិនអាចរកសេចក្តីសប្បាយបានឡើយ។ យើងមិនដែលបានហូបឆ្អែតថែមទាំងភ័យខ្លាចអង្គការយកទៅសម្លាប់គ្រប់ពេលវេលាទាំងអស់។ នៅពេលនោះខ្ញុំមានអាយុប្រហែល ១២ ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំគឺជាប្រជាជនចាស់រស់ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ខ្ញុំធ្វើការងារនៅក្នុងកងកុមារដែលអង្គការបានឲ្យខ្ញុំធ្វើការងារដូចជាកាប់ដើមទន្ទ្រានខែត្រ និងប្រមូលលាមកសម្រាប់ធ្វើជី។ នៅពេលនោះខ្ញុំធ្វើការងារចល័តជាច្រើនកន្លែងណាស់។ ក្រៅពីប្រមូលជីនិងរែកដីដំបូកអង្គការបានចាត់តាំងឲ្យខ្ញុំទៅដាំដំឡូងនៅតំបន់មួយឈ្មោះព្រៃបារាំង។ ខ្ញុំបានទៅជាមួយបុរសម្នាក់នៅក្បែរផ្ទះរបស់ខ្ញុំ។ យើងទៅព្រៃបារាំងមានទាំងក្មេងទាំងចាស់។ យើងរស់នៅទីនោះខ្វះខាតអង្ករហូបណាស់។ យើងបានស្វែងរកទំពាំងព្រៃមុខស្ងោតហូបលាយជាមួយនឹងអង្ករសម្រាប់អាហាររបស់យើង។ ខ្ញុំរស់នៅទីនោះលំបាកពេកក៏បានលួចរត់ចេញដោយមិនឱ្យប្រធានកងដឹងទេ។ នៅពេលដែលខ្ញុំមកដល់ត្រឹមអូអន្លង់អង្គញ់ ទឹកអូរនោះហូរខ្លាំងណាស់ធ្វើឲ្យខ្ញុំមិនហ៊ានឆ្លងកាត់ទេ។ សំណាងល្អ មានអ្នកបរទេះកាត់ទីនោះ គាត់បានលែងគោឱ្យហែលឆ្លងទឹកអូរ ហើយឆ្លងទៅយកក្បូនមកដើម្បីចម្លងរទេះគោរបស់គាត់។ គាត់បានឃើញខ្ញុំនៅអង្គុយក្បែរនោះ ក៏បានបបួលខ្ញុំឲ្យទៅជាមួយ។ ភ្លាមៗនោះខ្ញុំដូចស្ទាក់ស្ទើរដែរ ប៉ុន្តែដោយចង់ឆ្លងទៅផ្ទះវិញខ្ញុំយកព្រមទៅជាមួយគាត់។ បន្ទាប់មកខ្ញុំបានជិះរទេះដឹកពោតទៅជាមួយគាត់។ ប៉ុន្តែមិនហ៊ានប្រាប់គាត់តាមត្រង់ថាខ្ញុំទៅភូមិនោះទេ ព្រោះខ្លាចគាត់ដឹងថាខ្ញុំលួចរត់។ នៅពេលនោះអង្គការមិនសូវតាមដានកុមារដែលរត់គេចនោះទេ។ នៅពេលមកដល់ភូមិមិនបានប៉ុន្មានថ្ងៃផង ខ្ញុំត្រូវអង្គការចាត់តាំងឱ្យទៅឃ្វាលគោនៅឯទន្លេសាប។ ខ្ញុំសប្បាយចិត្តណាស់ពីព្រោះនៅទីនោះខ្ញុំបានហូបឆ្អែត។ មានថ្ងៃមួយធ្វើឱ្យខ្ញុំចាំមិនភ្លេចនោះទេ នៅពេលដែលអង្គការបានចាត់តាំងខ្ញុំឲ្យទៅការដ្ឋានបញ្ញាជី។ អង្គការឲ្យកុមារដូចជាខ្ញុំម្នាក់ធ្វើការជាមួយនឹងយុវជនម្នាក់ ប៉ុន្តែត្រូវរែកដីឲ្យបានមួយថ្ងៃ ៩ម៉ែត្រគូប។ ពេលនោះគឺជារដូវប្រាំងសែនវេទនាណាស់។ខ្ញុំនៅចងចាំរូបភាពទាំងអស់នោះមិនភ្លេចឡើយ។ ខ្ញុំធ្វើការងារធ្ងន់ជារៀងរាល់ថ្ងៃ ប៉ុន្តែអង្គការឲ្យខ្ញុំហូបតែបបរទេ។ ក្នុងចានបបរគឺមានតែទឹក និងគ្រាប់អង្ករពីរបីគ្រាប់តែប៉ុណ្ណោះ។ បបរនោះបានដួសដាក់ចាន និងថែមទឹកប្រហុកច្រូចដាក់ឲ្យបន្តិចរួចជាស្រេចជាប្រចាំថ្ងៃនៅលើតុ។ នៅពេលយប់អង្គការបានឱ្យយើងដេកទល់ជើងគ្នាក្នុងរោងប្រក់ស្លឹកត្នោតហើយរនាបក្រងកូនឈើឬឫស្សីនិងរំពាក់ និងទុកចន្លោះកណ្ដាសម្រាប់ដើរ។ ខ្ញុំមានមិត្តភក្តិម្នាក់តែងតែមកបបួលខ្ញុំរត់រាល់យប់ ព្រោះមិត្តភក្តិរបស់ខ្ញុំនឹកផ្ទះខ្លាំងពេក។
ថ្ងៃមួយ នៅម៉ោងប្រហែលជាពីរទៀបភ្លឺ មិត្តភក្កិរបស់ខ្ញុំ បានមកគោះសកមាខ្ញុំ ហើយសួរមកកាន់ខ្ញុំថា តោះរត់ទៅផ្ទះ! ខ្ញុំបានបដិសេធព្រោះខ្ញុំខ្លាចអង្គការចាប់បាន ហើយណាមួយទៀត ពោតលីងដែលម្ដាយរបស់ខ្ញុំលីងទុកឲ្យខ្ញុំមកតាមខ្លួននោះ មិនទាន់អស់នៅឡើយទេ។ ម្ដាយរបស់ខ្ញុំតែងតែលួចលីងពោតឲ្យខ្ញុំដាក់តាមខ្លួនទុកហូប ខ្លាចក្រែងថ្ងៃណាមួយខ្ញុំគ្មានអីហូប។ មិត្តភក្តិរបស់ខ្ញុំតែងតែមកបបួលខ្ញុំរាល់ថ្ងៃហើយបានធ្វើឱ្យខ្ញុំសម្រេចចិត្តរត់ទៅជាមួយគ្នា។ ខ្ញុំបានស្លៀកពាក់ខោអាវទាំងអស់របស់ខ្ញុំជាប់នឹងខ្លួនដោយមិនរៀបជាបង្វេចទេ ព្រោះខ្លាចអង្គការចាប់បានថា ខ្ញុំលួចរត់។ ខ្ញុំលួចរត់ច្រើនដងណាស់អាចថាមកពីពេលនោះខ្ញុំនៅក្មេងពេក មិនបានគិតអ្វីឲ្យបានច្បាស់លាស់។ នៅពេលដែលខ្ញុំយល់ថា នៅកន្លែងណាមិនសូវស្រួលហើយ ខ្ញុំដឹងតែរត់មកវិញជាមិនខាន។ ពេលនោះមិនមែនតែខ្ញុំទេដែលទទួលរងអំពើអមនុស្សធម៌បែបនេះ។
ការសន្ទនារបស់ខ្ញុំ និងអ្នកបើកម៉ូតូកង់បីបានបន្តអូសបន្លាយយ៉ាងយូរ ទម្រាំតែគាត់ដឹកខ្ញុំមកដល់មុខសាកលវិទ្យាល័យរបស់ខ្ញុំ។ ខ្ញុំបានស្វែងយល់អំពីជីវិតរបស់កុមារដែលធ្លាប់រស់នៅក្នុងរបបខ្មែរក្រហម។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងរបបខ្មែរក្រហមដែលធ្លាប់ឆ្លងកាត់បទពិសោធជីវិតលួចរត់មកផ្ទះដោយមិនត្រូវអង្គការចាប់ខ្លួនដូចគាត់? ៕ (ចប់ដោយបរិបូណ៌)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print