ព័ទ្ធចាប់ជនជាតិចិនញៀនថ្នាំ បោករបស់របរបំផ្លាញទៅត្រូវកញ្ចក់រថយន្តអ្នកជិតខាងនិងប្រើប្រាស់អាវុធខ្លីគំរាមទៀត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបន្ទាប់ពីញៀនថ្នាំធ្វើសកម្មភាពគប់របស់របររបស់ខ្លួនទៅត្រូវកញ្ចក់រថយន្តមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតនិងដកកាំភ្លើងខ្លីគំរាមអ្នកជិតខាងទៀត។

ការប្រើហិង្សារនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅផ្ទះលេខ២០ ផ្លូវP១០ បុរីជីបម៉ុងសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ WANG FEI ភេទប្រុស ជនជតិចិន ស្នាក់នៅកន្លែងកើតហេតុខាងលើ។ចំណែកជនរងគ្រោះឈ្មោះ ផាន់ ច័ន្ទវិសាល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថត ស្នាក់នៅ ផ្ទះលេខ១៨ ផ្លូវP០៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាផ្ទះស្ថិតនៅជាប់គ្នា។

តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុជនជាតិចិនរូបនោះ ដោយសារឥទ្ធិពលគ្រឿងញៀនបានរើឡើងក៏បានទាញរបស់របរគ្រឿងអេឡិចត្រូនិកនៅក្នុងផ្ទះរបស់ខ្លួនគប់ចោលទៅខាងក្រៅទៅត្រូវរថយន្តមួយគ្រឿងម៉ាកតូយូ៉តាព្រូស(PRUIS) ពាក់ផ្លាកលេខ ភ្នំពេញ 2BY-5803 ពណ៌មាស ដែលចតលើដងផ្លូវនៅមុខផ្ទះលេខ១៨ បណ្ដាលឱ្យបែកកញ្ចក់ខាងក្រោយចំនួន១ បែកកញ្ចក់ឡានទ្វារខាងក្រោយខាងស្តាំចំនួន១ ភ្លេីងស្តុបខាងក្រោយ ខាងស្តាំចំនួន១ កញ្ចក់មេីលក្រោយខាងឆ្វេងចំនួន១ ។ បន្ទាប់ពីមានអំពើហិង្សា ជនរងគ្រោះបានចេញមកមើលហើយត្រូវបានជនជាតិចិនរូបនោះប្រដាប់ទៅដោយកាំភ្លើងខ្លីអាមេ៉គំរាមជនរងគ្រោះទៀតផង។

តាមនគរបាលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលព័ត៌មានពីករណីហិង្សាធ្វេីឲ្យខូចខាតដោយចេតនា ប្រេីប្រាស់អាវុធខុសច្បាប់បែបនេះ ដោយមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើអន្តរាគមន៍ព័ទ្ធចាប់ជនជាតិចិនរូបនោះបានព្រមទាំងដកហូតបានកាំភ្លើងខ្លីម៉ាកឡុក មួយដើម។

តាមព័ត៌មានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចប្រដាប់ទៅដោយកាំភ្លើងខ្លីវែងនិងខែលហើយអស់រយៈពេលប្រមាណ៣ម៉ោងនៅម៉ោង៦និង៣០នាទីល្ងាចទើបឈានទៅបង្ក្រាបជនសង្ស័យជាជនជាតិចិននោះបានព្រមទាំងដករហូតបានកាំភ្លើងខ្លីម៉ាកឡុកមួយដើម។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាព វិជ្ជមាន (មានសារធាតុញៀន) ។

...

បច្ចប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print