ភ្នំពេញ ៖ បុរស២នាក់ជាអ្នករត់កង់បីដូចគ្នាកំពុងអង្គុយនិយាយគ្នាសុខៗក៏ទាស់ពាក្យសម្តីគ្នា បង្កអោយជនសង្ស័យម្នាក់មានចិត្តខឹងរត់ទៅយកកាំបិតចាក់ទៅលើមុខជនរងគ្រោះជាច្រើនកាំបិតបណ្ដាលអោយរងរបួសធ្ងន់ ហើយជនសង្ស័យបានបើកកង់បីរត់គេចខ្លួនបាត់ស្រមោល ។ហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចសួនច្បារសម្តេចជួនណាត តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតមហេតុគេឃើញបុរស០២នាក់អង្គុយនិយាយគ្នាលេងសុខៗ ស្រាប់តែឈ្លោះប្រកែកទំនាស់ពាក្យសម្តីគ្នារហូតមានការប្រតាយប្រតប់គ្នាខណៈនោះជនសង្ស័យមានគំនុំក្នុងចិត្ត បានយកកាំបិតចាក់ទៅលើមុខជនរងគ្រោះជាច្រើនកាំបិតបណ្ដាលអោយរងរបួសធ្ងន់ហើយជនសង្ស័យបានបើកកង់បីរត់គេចខ្លួនបាត់ស្រមោល ។ចំនែកជនរងគ្រោះត្រូវបានរថយន្តសង្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។
បច្ចុប្បន្នជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់រួមទាំងវត្ថុតាង ចំនែកសមត្ថកិច្ចខណ្ឌចំការមនកំពុងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យផងដែរដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ ជីណា