ខេត្តកំពង់ស្ពឺ ៖ «កម្មវិធីប៉ាម៉ានី» ជួយជំរុញបន្ថែមទៀតឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា និងជួយបំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សារៀនសូត្រ ក៏ដូចជាលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជម្រុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ ។
ប ន្ទាប់ពីចូលរួមកម្មវិធីចែក និងដាំកូនឈើជានិមិត្តរូបរួចមក លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបន្តចូលរួមនៅក្នុងកម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» ក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» រៀបចំឡើងក្នុងគោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា បំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សារៀនសូត្រ ចេះអនាម័យ សម្អាតខ្លួនប្រាណ និងដើម្បីអគុណចំពោះលោកគ្រូ អ្នកគ្រូ ចំពោះការខិតខំប្រឹងប្រែងបង្រៀនដល់សិស្សានុសិស្ស កន្លងមក ព្រមទាំងលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជម្រុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ ក៏ដូចជាឱ្យកុមារដឹងថា ក្រៅពីឪពុកម្តាយ ឬអាណាព្យាបាលនៅផ្ទះ មានប៉ាម៉ានីម្នាក់ទៀត ចាំជួយទំនុកបម្រុង និងយកចិត្តទុកដាក់ចំពោះកូនៗ និងចែករំលែកក្តីស្រលាញ់ពីប៉ាម៉ានី តាមរយៈការផ្តល់អាហារឆ្ងាញ់ និងលេងល្បែងកំសាន្ត ពិសេសបណ្តុះគំនិតឱ្យកុមារចេះសហការធ្វើការងារជាក្រុមតាមរយៈការលេងល្បែងកំសាន្តនានា។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តកូនៗ សិស្សានុសិស្សទាំងអស់ ក្នុងសង្កាត់រកាធំ ក៏ដូចជាទូទាំងប្រទេស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលជោគជ័យក្នុងជីវិត និងចូលរួមការប្រកួតប្រជែងនានា ប្រកបដោយការប្រុងប្រយ័ត្ន និងដោយភាពទទួលខុសត្រូវខ្ពស់ ហើយសូមឱ្យកូនៗដែលជាសិស្សានុសិស្ស ទាំងអស់ ត្រូវតែទទួលស្គាល់ និងត្រូវតែគោរពដល់អ្នកមានគុណដែលបានអប់រំណែនាំ និងបណ្តុះបណ្តាលដល់យើងទាំងអស់គ្នា
ឆ្លៀតឱកាសនេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកជួប លោកគ្រូ អ្នកគ្រូ អ៊ំ ពូ មីង ដែលជាអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស នៅក្នុងសង្កាត់រការធំ នាឱកាសនោះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារប៉ាម៉ានី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងច្បារមន និងលោកនាយក លោកគ្រូ អ្នកគ្រូ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការ ក្នុងការរៀបចំឱ្យមានកម្មវិធីនេះឡើង និងសង្ឃឹមថា ជំនួបនឹងមានជាបន្តបន្ទាប់នៅឱកាសក្រោយៗទៀត។
សូមជម្រាបថា ពិធីនេះមានការអញ្ជើញចូលរួមពីលោក លី ច័ន្ទតុលា អនុប្រធានក្រុមការងារប៉ាម៉ានី និងលោកស្រី ឈីវ ភិរម្យ ព្រមទាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងច្បារមន និងសង្កាត់រការធំ មន្រ្តីរាជការជុំវិញខេត្ត ក្រុង និងសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល សាលាបឋមសិក្សាសន្តិភាព, បឋមសិក្សារការធំ, បឋមសិក្សាភូមិថ្មី និងបឋមសិក្សាអនុវត្តន៍ នៃសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ យ៉ាងច្រើនកុះករ៕
ដោយ ៖ សិលា