ភ្នំពេញ ៖ ជាប្រទេសមួយស្ថិតនៅក្នុងសហភាពអឺរ៉ុប សាធារណរដ្ឋឆែក បានប្រកាសបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា។ លោក ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ លោលបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជានិងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោក ម៉ាទីន វ៉ាវរ៉ា បានលើកឡើងថា ឆែកបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ នៅក្នុងនោះឆែកនឹងពង្រីកការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសឆែក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែរឹងមាំរីកចម្រើនឡើង។ ជាមួយគ្នានេះ លោកមានជំនឿមុតមាំថា កម្ពុជានឹងសម្រេចបាននូវគោលដៅឆ្នាំ២០៣០និងឆ្នាំ២០៥០ ខាងមុខជាមិនខានឡើយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យនានា ដែលឯកអគ្គរដ្ឋទូត និងសហការី ក៏ដូចជាឯកអគ្គរដ្ឋទូតឆែកមុនៗ បានសម្រេចនៅក្នុងបេសកកម្មការទូតរបស់ខ្លួន ថាពិតជាបានចូលរួមវិភាគទានដ៏មានតម្លៃដល់ចំណងទំនាក់ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កាន់តែមានរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែកបានផ្តល់ជំនួយគាំទ្រដល់កម្ពុជាចាប់តាំងពីពេលដែលកម្ពុជាទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩មកម៉្លេះ។ ជំនួយឧបត្ថម្ភនេះពិតជាមានតម្លៃ និងមិនអាចកាត់ថ្លៃបានឡើយ ព្រោះបានជួយដល់កម្ពុជាក្នុងពេលវេលាដ៏លំបាកបំផុត។ សាធារណរដ្ឋឆែកជាមិត្តល្អព្រោះ “មិត្តល្អ តែងជួយគ្នាក្នុងគ្រាក្រ ។
សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឆែក ដែលបានបង្វែរបំណុលពីអតីតកាលរបស់កម្ពុជា មកជាជំនួយសង្គម ជួយដល់ពលរដ្ឋខ្មែរលើវិស័យសង្គមកិច្ច សុខភាព អប់រំ ជាដើម។ កម្ពុជាចង់ឃើញប្រទេសផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែក ក្នុងការលុបចោល ឬបង្វែរបំណុលដែលកម្ពុជាជំពាក់ មកជាជំនួយអភិវឌ្ឍន៍ ដែលនេះចាត់ទុកជាមូលដ្ឋាន ដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ។ ការគំាទ្ររបស់ប្រទេសឆែក បានឆ្លើយតបនូវ គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតអាទិភាពលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោក ម៉ាទីន វ៉ាវរ៉ា និងសម្តេចប្រធានរដ្ឋសភា បានយល់ស្របដូចគ្នាពីសារៈសំខាន់នៅក្នុងការលើកកម្ពស់ វប្បធម៌សន្ទនា គោលការណ៍ពហុនិយម នៅក្នុងបរិបទដែលសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញដែលមានលក្ខណៈផុយស្រួយប្រែប្រួលឆាប់រហ័ស និងបានបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព។ សន្តិភាពដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ បានមកដោយលំបាកណាស់។ សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍សន្តិភាព ដែល សម្តេចយកអាយុជីវិតជាដើមទុន។ ជាមួយគ្នានេះ លោកពិតជាបានដឹងខ្លះៗហើយ អំពីទំនាស់បញ្ហាព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ។ តាមពិតទៅបញ្ហានេះ បានកើតមានឡើងជាយូរមកហើយ និងបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ កម្ពុជាតែងតែចង់រួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ហើយបានតាំងចិត្តខ្ពស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ នៅពេលប្រទេសថៃផ្តើមឈ្លានពាននៅលើកម្ពុជាជាថ្មី កម្ពុជាសម្រេចចិត្តនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី។ ក៏ប៉ុន្តែភាគីថៃមិនទទួលយក និងពង្រីកបញ្ហា ដល់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច បង្កផលប៉ះពាល់ដល់ជីវភាព សុខសុវត្ថិភាព ពលរដ្ឋទំាងសងខាងទៅវិញ។
ជាចុងងក្រោយ សម្តេចរដ្ឋសភាធិបតី និងលោកឯកអគ្គរដ្ឋទូតឆែក មានសុទិដ្ឋិនិយមថា កម្ពុជានិងឆែកនឹងស្វែងរកសក្តានុពលផ្សេងទៀត ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយគ្នា ជាពិសេសការបង្កើនតុល្យភាពពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង៕
ដោយ ៖ សិលា