រដ្ឋសភាជាតិ ទទួលពិនិត្យសិក្សាសំណើរបស់តំណាងរាស្រ្តហត្ថលេខី១២៥រូប ស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប ដែលបានស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋសភាជាតិ ទទួលពិនិត្យសិក្សាសំណើរបស់តំណាងរាស្រ្តហត្ថលេខី១២៥រូប ស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប ដែលបានស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ និងក្បត់ពលរដ្ឋខ្លួន។

អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្តេចមហារដ្ឋសភា ធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ បាន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋសភា ដើម្បីពិនិត្យសំណើរបស់តំណាងរាស្ត្រហត្ថលេខីទាំង១២៥រូប ដែល ស្មើនឹង ១០០% នៃតំណាងរាស្ត្រសរុប មកពីចម្រុះគណបក្សទាំងអស់ មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំរដ្ឋសភា ធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខ័ណ្ឌ ច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិតជាមួយបរទេស។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់តាមនីតិវិធីហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័ត ប្រគល់ភារកិច្ច ជូនគណៈកម្មការជំនាញគឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ តាមគម្រោង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យលទ្ធផល នៃការពិនិត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី៨ ខែកក្កដា ស្អែកនេះម្តងទៀត។ ហើយសំណើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់តំណាងរាស្ត្រហត្ថលេខីទាំង១២៥រូបនេះ នឹងដាក់ជូន សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សានិងអនុម័តនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។

ការធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារ និងលើកកម្ពស់ ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់និងប្រឆាំងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែល បានឃុបឃិតជាមួយបរទេស ហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង។

យោងតាមមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋ ខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយ ប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ ជាមួយគ្នានេះ មាត្រានេះក៏បញ្ជាក់យ៉ាងច្បាស់ដែរថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ផ្អែកតាមស្មារតីនេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តម ប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេស ការឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើសកម្មភាពទាំង នេះ គឺជាការប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រាសចាកពី ឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។

ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពី សម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជា បន្តបន្ទាប់ និងច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ទន្ទឹមនឹងនេះ នៅបណ្តាប្រទេសចំនួនប្រមាណ១៥០នៅលើពិភពលោក ទាំងនៅអាស៊ី និងអឺរ៉ុប (មាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ព្រោះប្រទេសទាំងនេះជាបិតា ប្រជាធិបតេយ្យ)។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្សិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជា ពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខ ជាតិ។

ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ ប្រទេសជាតិ។

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថា សេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជានេះ មិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមឡើយ។ សេចក្តីស្នើសុំធ្វើ វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ អាចធ្វើទៅបាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print