ខេត្តកំពង់ចាម៖ ព្រះសង្ឃនិងកូនសិស្ស ៣៧នាក់បានពុលអាហារបណ្តាលឲ្យចុកពោះ ក្អួតចង្អោរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងខ្លះទៀតកំពុងសម្រាកនៅមណ្ឌលសុខភាព។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៦ នៅវត្តបារាយណ៍ ស្ថិត ក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ស្រុកស្រី សន្ធរ ខេត្តកំពង់ចាម ។ បើតាមលោកអាចារ្យ វត្តខាងលើឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃ ទី៣០ ខែសីហាបានធូរស្រាលហើយអាច នឹងនិមន្តទៅវត្តវិញហើយ ។
នគរបាលស្រុកស្រីសន្ធរបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានយកបាញ់ហយមកប្រគេនព្រះសង្ឃម្តងរួចមកហើយ ។ លុះដល់ព្រឹកថ្ងៃទី២៩ ខែសីហាក៏ បានយកចង្ហាន់មកប្រគេនព្រះសង្ឃឆាន់ ម្តងទៀតក្រោយមកស្រាប់តែមានអាការ ចុកពោះ និងក្អួតចង្អោរជាបន្តបន្តបន្ទាប់ តែម្តង ។
នគរបាលស្រុកប្រាប់ឲ្យដឹងទៀតថា ចំពោះព្រះសង្ឃដែលពុលមានអាការធ្ងន់ ធ្ងរត្រូវបានដឹកតាមរថយន្តមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ។ រីឯព្រះសង្ឃផ្សេងៗទៀតមិនបានមកដោយសារតែមានអាការស្រាលត្រូវក្រុមគ្រូពេទ្យជាច្រើននាក់បញ្ជូនទៅកាន់មណ្ឌលសុខភាពបារាយណ៍ដើម្បីព្យួរសេរ៉ូមបន្សាបជាតិ ពុលនិងអាការក្អួត ។
សមត្ថកិច្ចដាក់ការសង្ស័យចំពោះករណី ពុលនេះថា មកពីសម្លស្ងោរស្ពៃជ្រក់ដែល គេដាំហើយបាញ់ថ្នាំនៅពេលដែលពលរដ្ឋយកមកស្លមិនបានលាងឲ្យស្អាតទើបជាហេតុបង្កឲ្យមានអាការក្អួតចង្អោរដល់ព្រះសង្ឃជាច្រើនអង្គបែបនេះ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ព្រះ សង្ឃដែលពុលចង្ហាន់ទាំងនោះបានធូរស្រាលច្រើនហើយនិងនិមន្តត្រឡប់ទៅគង់ នៅវត្តវិញហើយ ។
មន្ត្រីជំនាញសុខាភិបាលស្រុកស្រីសន្ធរ ដែលចុះទៅពិនិត្យនោះឃើញថា ការពុលនេះគឺបណ្តាលមកពីសម្លស្ងោរស្ពៃជ្រក់លាង មិនស្អាតមានជាតិថ្នាំ តែទោះជាយ៉ាងណាគ្រូពេទ្យបានព្យួរសេរ៉ូមបន្សាបទាន់ពេលដែលមិនមានព្រះសង្ឃនិងកូនសិស្សណាម្នាក់មានគ្រោះថ្នាក់នោះទេ ៕
ដោយ៖ សហការី