ខេត្តកណ្ដាល÷កម្លាំងកងរាជអាវុធហត្ថក្រុងអរិយក្សត្រ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងជួញដូរ ព្រមទាំងប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក) ដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១៦:៣០នាទី រសៀលថ្ងៃទី០៥ខែកក្កដា ២០២៥ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
ប្រភពមន្ត្រីកងរាជអាវុធហត្ថក្រុងអរិយក្សត្របានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន គឺឈ្មោះ ខៀវ វីរៈយ៉ាត ភេួប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ក្រោយការពិនិត្យ ជន សង្ស័យមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)។ រីឯវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ២កញ្ចប់តូច, ទូរសព្ទចំនួន ១គ្រឿង, សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន, និងប្រាក់ចំនួន ៥០.០០០រៀល (ប្រាំម៉ឺនរៀល)។
ប្រភពកងរាជអាវុធហត្ថក្រុងបានបញ្ជាក់ពីដំណើររឿងហេតុថា មុនពេលបង្ក្រាប មានប្រជាពលរដ្ឋបានរាយ ការណ៍ថា នៅចំណុចខាងលើ មានការជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ ក្រោយ ពីបានទទួលព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថក្រុង ចំនួន ៤នាក់ រួមនឹងមធ្យោបាយរថយន្ត ១គ្រឿង និងម៉ូតូ ១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការក្រុង បានចុះទៅដល់ចំណុចខាងលើ។
ប្រភពដដែលបានបន្តទៀតថា ពេលទៅដល់កន្លែងកើតហេតុ កម្លាំងបានប្រទះឃើញជនសង្ស័យម្នាក់កំពុងឈរជិតពាងទឹក ក៏បានឃាត់ខ្លួនសួរនាំ និងឆែកឆេរ។ ជាលទ្ធផល បានប្រទះឃើញក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១កញ្ចប់តូច នៅលើពាងទឹក និង ១កញ្ចប់ទៀតនៅក្បែរបង។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថក៏បានដកហូតវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង តាមនីតិវិធី។
ប្រភពកងរាជអាវុធហត្ថក្រុងបានឲ្យដឹងបន្ថែមថា ក្រោយពេលមកដល់មូលដ្ឋាន កម្លាំងជំនាញបានសាកសួរជនសង្ស័យឈ្មោះ ខៀវ វីរៈយ៉ាត។ ជនសង្ស័យបានឆ្លើយសារភាពថា ក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់តូចនេះ ពិតជារបស់ខ្លួន ដែលបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ តាមរយៈលេខទូរសព្ទ ០៩៦ ៦២៤ ៣៣៣៣ ហើយបានវេរប្រាក់ទៅឲ្យលេខ ០៣១ ៤៣២ ២៤៣១។ ជនសង្ស័យធ្លាប់ទិញគ្រឿងញៀនបានចំនួន ៣ដង ដោយទិញម្ដងៗតម្លៃពី ៦០០.០០០រៀល (ហុកសិបម៉ឺនរៀល) ទៅ ១.៥០០.០០០រៀល (មួយលានហាសិបម៉ឺនរៀល) យកមកលក់នៅក្នុងភូមិព្រែកល្វា និងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។ ថ្នាំញៀន ២កញ្ចប់តូចដែលចាប់បាន គឺសល់ពីការទិញពីជនមិនស្គាល់អត្តសញ្ញាណខាងលើលើកចុងក្រោយ កាលពីថ្ងៃទី២៩ មិថុនា ២០២៥ កន្លងទៅ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕