ខេត្តបន្ទាយមានជ័យ ៖ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែ កក្កដាឆ្នាំ 2025 នេះ ស្រូវរាប់រយហិកតានៅចំណុចវាលថ្កាន់ត្រេត និងវាលអន្លង់ផ្អួរ ត្រូវបានលិចលង់ នៅភូមិសាស្គ្រឃុំអូរប្រាសាទនិងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ប្រសិនបើបន្តលិចក្នុងរយៈពេល៧សប្តាហ៍មិនស្រក ស្រូវអាចខូចអស់ ។ ប្រជាពលរដ្ឋមាន ការព្រួយបារម្ភចំពោះស្ថានភាពទឹកនៅពេលនេះ។
ប្រជាកសិករបានប្រាប់ថា មានស្រូវរាប់រយហិកតាត្រូវបានទឹកជំនន់ជន់លិចរយៈពេល២ថ្ងៃមកហើយនៅចំណុចវាលថ្ងាន់ត្រេត ស្ថិតឃុំអូរប្រាសាទ និងវាលអន្លង់ផ្អួរស្ថិតឃុំភ្នំតូច ឃើញទឹកល្ហល្ហេវ បើសិនជាទឹកនៅតែបន្តលិចរយៈពេល៧សប្តាហ៍ អាចស្រូវខូចអស់ ព្រោះ ស្រូវទើបតែព្រោះបាន២ទៅ៣ផ្នាំងដៃ ឬ២ទៅ៣សន្លឹកដែលទើបព្រួសរយៈពេលជិត១០ថ្ងៃ។
ប្រជាកសិករបានបញ្ជាក់ឱ្យដឹងថា ទឹកដែលលិចស្រូវរាប់រយហិកតានេះជាទឹកជំនន់ដែលហូរធ្លាក់ពីផ្នែកខាងលើស្រុកបវិលហូលតាមប្រព័ន្ធអូរភូមិអូរញ៉រ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ហូរតាមប្រព័ន្ធអូរភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យ ធ្លាក់ទៅផ្នែកខាងកើតផ្លូវជាតិលេខ៥លិចវាលថ្ងាន់ត្រេត និងវាលអន្លង់ផ្អួរ។
ប្រជាកសិករបានបញ្ជាក់ថាស្រូវដែលទឹកជំនន់លិចនេះភាគជាប្រភេទស្រូវធ្ងន់ដែលទើបនិងបង្កបង្កើនផលបានរយៈពេលជិត១០ថ្ងៃ ព្រោះកាលពីដើមដៃភ្លៀងធ្លាក់ជោគជាំបង្កបង្កើនផលមិនទាន់ ពេលធ្វើបានត្រូវបានទឹក ជំនន់លិចរយៈពេល២ថ្ងៃ បើស្រូវដែលបង្កបង្កើនផលបានដើមដៃខ្ពស់ទឹកមិនលិចមិនខូច ៕