អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ការផ្តល់លិខិតឆ្លងដែនខ្មែរ គឺសុទ្ធតែបានបំពេញគ្រប់លក្ខខណ្ឌត្រឹមត្រូវ ស្របតាមបែបបទ និងនីតិវិធីកំណត់ ដោយមិនមានការលក់ដូរណាមួយ ដូចការចោទប្រកាន់នោះឡើយ កុំជឿជនអគតិ សម រង្សុី !

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានកិត្តិយសសូមជម្រាបជូនបងប្អូនជនរួមជាតិ និងសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ គណនីហ្វេសប៊ុក ឈ្មោះ Sam Rainsy បានលើកឡើងអំពី ការលក់សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនខ្មែរ ទៅឱ្យពួកម៉ាហ្វីយ៉ា ដូចទំនិញក្នុងទីផ្សារ។ ឆ្លើយតបនឹងការលើក ឡើងនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើ ការងារសញ្ជាតិ សូមធ្វើការច្រានចោលនូវការចោទប្រកាន់ដោយគ្មានភស្តុតាង ក្នុងចេតនាទុច្ចរិតខាងលើ និង សូមធ្វើការបំភ្លឺដូចខាងក្រោម៖

ទី១) យោងមាត្រា២ នៃច្បាប់ស្តីពីសញ្ជាតិ បានចែងអំពីលក្ខខណ្ឌនៃការទទួលបានសញ្ជាតិខ្មែរមានចំនួន ៤គឺ (១) ការទទួលបានសញ្ជាតិខ្មែរពីកំណើត (២) ការទទួលបានសញ្ជាតិខ្មែរដោយការសុំកូន (៣) ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និង (៤) ការទទួលបានសញ្ជាតិខ្មែរដោយ សញ្ជាតូបនីយកម្ម។ ដោយឡែកក្នុងចំណុចទី៤ ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ច្បាប់បានចែងសម្រាប់ជនបរទេសណា ដែលអាចបំពេញលក្ខខណ្ឌណាមួយ ក្នុងចំណោមលក្ខខណ្ឌ ចំនួន៤គឺ (១) ជនបរទេសអន្តោប្រវេសន្តដែលស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជារយៈពេលយូរ (២) ជនបរទេសអន្តោប្រវេសន្តដែលវិនិយោគស្របច្បាប់នៅកម្ពុជា ក្នុងទឹកប្រាក់ចាប់ពី ៤.០០០ លានរៀល (៣) ជនបរទេសអន្តោប្រវេសន្តដែលធ្វើអំណោយជាសាច់ប្រាក់ដល់ថវិកាជាតិចាប់ពី ១២.០០០លានរៀល និង (៤) ជនបរទេសដែលមានគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស។

ទី២) ដើម្បីបំពេញលក្ខខណ្ឌនៃការទទួលបានសញ្ជាតិខ្មែរខាងលើ លក្ខខណ្ឌចាំបាច់ដែលមិនអាចខ្វះបាន សម្រាប់ជនបរទេសដែលដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរ ឬទាមទារសញ្ជាតិខ្មែរគឺ (១) លិខិត បញ្ជាក់កិរិយាមារយាទ ថាមានសីលធម៌រស់នៅល្អ ដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ និង (២) លិខិតថ្កោលទោស បញ្ជាក់ថាពុំធ្លាប់មានប្រវត្តិជាប់ទោសឧក្រិដ្ឋ ឬទោសមជ្ឈិមណាមួយ មុនពេល ទទួលបានសញ្ជាតិខ្មែរ។ លក្ខខណ្ឌទាំងពីរនេះ ត្រូវអនុវត្តជាទូទៅនៅគ្រប់លក្ខខណ្ឌនៃការស្នើសុំ ចូលសញ្ជាតិខ្មែរ ដោយមិនមានការលើកលែងឡើយ។ និយាយជារួម ច្បាប់ស្តីពីសញ្ជាតិរបស់កម្ពុជា ជាច្បាប់មួយដ៏ល្អ មានលក្ខណៈតឹងរ៉ឹងក្នុងការផ្តល់សញ្ជាតិខ្មែរ និងស្របតាមបរិបទនៃប្រទេសធំៗ ជាច្រើននៅលើសកលលោក។

ទី៣) លើការអនុវត្តជាក់ស្តែង គិតពីឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្ន កម្ពុជាបានផ្តល់សញ្ជាតិដល់ជនបរទេស ដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវ និងបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមច្បាប់ស្តីពីសញ្ជាតិ មានចំនួនជាងប្រាំពាន់នាក់ (ឬគិតជាមធ្យមប្រមាណពីររយនាក់ក្នុងមួយឆ្នាំ)។ មានន័យថា ចំនួន ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរមានចំនួនទាបនៅឡើយ បើប្រៀបធៀបនឹងប្រទេសជាច្រើន នៅក្នុងតំបន់។ ជាមួយគ្នានេះ គ្រប់ករណីដែលទទួលបានសញ្ជាតិខ្មែរទាំងអស់ សុទ្ធតែមានការបញ្ជាក់ កិរិយាមារយាទ ថាមានសីលធម៌រស់នៅល្អដោយអាជ្ញាធរពាក់ព័ន្ធ និងលិខិតថ្កោលទោសដែល បញ្ជាក់ថាពុំធ្លាប់មានប្រវត្តិជាប់ទោសមុនពេលទទួលបានសញ្ជាតិខ្មែរឡើយ។ ដូច្នេះការចោទប្រកាន់ កម្ពុជាថាបានលក់សញ្ជាតិឱ្យទៅជនបរទេសនោះគឺជាការចោទប្រកាន់មិនត្រឹមត្រូវ ដែលបង្កប់នូវ ចេតនាទុច្ចរិត ធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

ទី៤) ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរគឺជាពលរដ្ឋខ្មែរស្របច្បាប់ ដែលមានសិទ្ធិប្រើប្រាស់ឯកសារ អត្តសញ្ញាណជាពលរដ្ឋខ្មែរ រួមទាំងលិខិតឆ្លងដែនជាដើម។ មកដល់បច្ចុប្បន្ន ការផ្តល់លិខិតឆ្លងដែន ខ្មែរដល់ពលរដ្ឋខ្មែរសុទ្ធតែបានបំពេញគ្រប់លក្ខខណ្ឌត្រឹមត្រូវ ស្របតាមបែបបទ និងនីតិវិធីកំណត់ ដោយមិនមានការលក់ដូរណាមួយ ដូចការចោទប្រកាន់នោះឡើយ។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមច្រានចោលការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងខាងលើ របស់បុគ្គលឈ្មោះ សម រង្សី ដែលជាការលើកឡើងដោយ បង្កប់នូវចេតនាទុច្ចរិត ដើម្បីលាបពណ៌ និងបង្អួចកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។

ជាការកត់សម្គាល់ បុគ្គលឈ្មោះ សម រង្សី គឺជាជនអគតិដែលតែងតែប្រតិដ្ឋព័ត៌មាន និងរិះរក គ្រប់វិធី ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដើម្បីបំផ្លាញផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការនិយាយសម្លុយអំពីកម្ពុជា និងចូលរួមជាមួយបរទេសដើម្បីប្រឆាំងនឹងផលប្រយោជន៍របស់កម្ពុជា។ ដូច្នេះ សូមបងប្អូនជនរួមជាតិ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print