អាជ្ញាធររាជធានីភ្នំពេញ និងអនុវត្តវិធានការរដ្ឋបាលប្រសិន បើ៣គ្រួសារមិនទទួលយកសំណង៣លានដុល្លារ ថ្លៃផលប៉ះពាល់ គម្រោង សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម ព្រែកប្រា)

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងអនុវត្តវិធានការរដ្ឋបាលប្រសិនបើ៣គ្រួសារមិនទទួលយកសំណង៣លានដុល្លារ អាមេរិក ថ្លៃផលប៉ះពាល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) ៣គ្រួសារនោះគឺ ទី ១ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ៩៣៩.៣៨០,៥២$ (ប្រាំបួនរយសាមសិបប្រាំបួនពាន់បី រយប៉ែតសិបដុល្លារអាមេរិក និងហាសិបពីរសេន)។ទី២ លោក ហុក សេងគឹម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២.២០៩.៥៤៣,១៥$ (ពីរលានពីររយប្រាំបួនពាន់ប្រាំរយសែសិបបីដុល្លារអាមេរិក និងដប់ប្រាំសេន) និង៣ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ១៧១.៨៣៨,១៩$ (មួយរយចិត សិបមួយពាន់ប្រាំបីរយសាមសិបប្រាំបីដុល្លារអាមេរិក និងដប់ប្រាំបួនសេន)។ សំណងទាំងនេះពួកគាត់មិនទទួលយកទេ។

      នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួប សន្ទនា​ រកដំណោះស្រាយ ផលប៉ះពាល់គម្រោងសាងសង់ស្ពានចាក់អង្រែ ព្រែកប្រា នៅរសៀលថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ។

           លោកឃួង ស្រេង បានបញ្ជាក់ថា៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម– ព្រែកប្រា)មកដល់ពេលនេះ ផលប៉ះពាល់មួយចំនួនធំត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែមានប្រជាពលរដ្ឋចំនួន៣ គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណងពីអាជ្ញាធរ នូវឡើយទេ បើទោះបីអាជ្ញាធររាជធានីភ្នំពេញ បានសំរេច ប្រគល់សំណងជូនពួកគាត់ជាង៣លានដុល្លារយ៉ាងណាក្តី។

      ជាក់ស្តែងនៅរសៀលថ្ងៃនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអញ្ជើញពួកគាត់ទាំង៣គ្រួសារមកប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀត នៅសាលារាជធានីភ្នំពេញ។ជាលទ្ធផលគឺពួកគាត់នៅតែទាមទារសំណងហួសហេតុ មិនអាចទទួលយកបានដដែលពោលគឺបានទាមទារគុណនិង២ គុណនិង៣នៃសំណងដែលរដ្ឋបានប្រគល់ជូន។

     លោក ឃួង ស្រេង បានលើកឡើងថា៖ ដីរបស់បងប្អូនដែលរងផលប៉ះពាល់នេះ យើងមិនមែនយកមកដើម្បីជាប្រយោជន៍ខ្លួនឯងទេ គឺដើម្បីធ្វើស្ពាន ធ្វើផ្លូវឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោះស្រាយការកកស្ទះចរាចរ ដូច្នេះសូមបងប្អូនទាំង៣គ្រួសារមេត្តាយោគយល់ អាជ្ញាធរក្នុងនាមជាម៉ែ ជាឳប្រជាពលរដ្ឋ មិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ សូមកុំទារសំណងថ្លៃខ្លាំងពេក រហូតរដ្ឋមិនអាចទទួលយកបាន។  តម្លៃដីរហូតដល់ជាង៣លានដុល្លារនេះ សមល្មមហើយ ប៉ុន្តែបងប្អូននៅតែទទួលយកមិនបាន។ បងប្អូនអាចជួលក្រុមហ៊ុន អចលនៈទ្រព្យចំនួន២ក្រុមហ៊ុន មកសិក្សាពីតម្លៃនៅលើទីតាំងបងប្អូនបាន ដោយរដ្ឋបាលរាជធានីភ្នំពេញ សុខចិត្តចេញលុយថ្លៃក្រុមហ៊ុនឱ្យថែមទៀត។បើនៅតែមិនត្រូវគ្នាទៀត រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើនោះទេ ព្រោះវាល្មមដល់ពេលហើយ មិនអាចបន្តដោះស្រាយទៅមុខទៀតទេ។ ក្រោយការអនុវត្តច្បាប់រដ្ឋបាលដើម្បីរុះរើ បងប្អូនអាចបន្តប្តឹងទៅតុលាការបាន។  ថវិកាជាង៣លានដុល្លារដែលនឹងប្រគល់ជូននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចរួចហើយ មិនអាចបន្ថែមបានទៅតាមការទាមទាស្រេចតែចិត្តនោះទេ។ ចុងក្រោយនេះអាជ្ញាធររាជធានីភ្នំពេញមានជម្រើស២សំរាប់បងប្អូន ទី១ បងប្អូនទាំង៣គ្រួសារអាចរុះរើដោយខ្លួនឯង រដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់ថវិកាជូនថ្លៃរុះរើចំនួន១០ម៉ឺនដុល្លារនិងទី២ រដ្ឋបាលរាជធានីភ្នំពេញនឹងជួលគេឱ្យមករុះរើ។ មែនទែនទៅអាជ្ញាធររាជធានីភ្នំពេញ មិនមានចេតនាណាមួយចង់អនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ តែវាដល់ពេលហើយ ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print