ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាព នៃការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញរហូតមកដល់ពេលនេះ សម្រេចបាន៣០% និងឈានទៅបញ្ចប់ការស្ថាបនានៅដំណាច់ឆ្នាំ២០២៧ ដែលអាចមានលទ្ធភាពស្តុកទឹកបានជាង៨០០លានម៉ែត្រគូប។
ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនោះ លោក ខូយ រីដា ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ក្រុមហ៊ុនសាងសង់ផ្លូវ រួមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមបង្ការ ទប់ស្កាត់ នូវរាល់បទល្មើសធនធានធម្មជាតិ ដូចជាការរុករានកាប់ឆ្ការព្រៃឈើខុសច្បាប់ ការដុតបំផ្លាញព្រៃឈើ ដែលបង្កឱ្យឆេះរាលដាលជាដើម។
លោកអភិបាលខេត្ត បន្តថា ដើម្បីអនុវត្តន៍កិច្ចការនេះឱ្យបាន យើងត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នូវរាល់ការចេញចូល ដោយគ្មានការអនុញ្ញាតិ ក្នុងគោលបំណងតែមួយគត់ គឺកុំឱ្យជនឆ្លៀតឱកាស ចូលទៅកាប់ឆ្ការ រុករាន ទន្ទ្រានយកដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធ និងធ្វើសកម្មភាពផ្សេងៗ នៅក្នុងតំបន់ទំនប់ទី២នេះ។ ជាមួយគ្នានោះ ឯកឧត្តម ក៏សង្ឃឹមនឹងជឿជាក់ថា ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ច ពិតជាអនុវត្តកិច្ចការនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ពាក់ព័ន្ធទៅនឹង គម្រោងសាងសង់ទំនប់ទី២នេះ ឯកឧត្តមខូយ រីដា បានឱ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៦ និងបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តពោធិ៍សាត់ក្នុងដំណាក់កាលដំបូងបានទទួលនូវសមិទ្ធិផលថ្មីមួយទៀតគឺ ទំនប់ទឹកដែលអាចមានលទ្ធភាពស្តុកទឹកបានជាង ៨០០លានម៉ែត្រគូបអនុវត្តគម្រោង ដោយក្រសួងធនធានទឹកនិងឧតុនិយម។ គម្រោងនេះ ក្រុមការងារបានចាប់ផ្តើមអនុវត្តការត្រួសត្រាយផ្លូវចូល នៅដើមខែកុម្ភៈ ឆ្នាំ២០២៥ ដោយគិតចាប់ពីចំណុចផ្លូវបំបែកទំនប់លេខ៣ រហូតដល់ទីតាំងគម្រោងទំនប់លេខ២ ត្រង់ចំណុចអូរដារ ស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានប្រវែង១២គីឡូម៉ែត្រ គិតមកដល់ពេលនេះ បានត្រួសត្រាយផ្លូវចូល រួចរាល់១០០%ហើយ៕ដោយ៖តារា