ទីក្រុងបាងកក ៖ ប្រសិនបើពន្ធនាំចូល ៣៦% របស់សហរដ្ឋអាមេរិកលើប្រទេស ថៃចូលជាធរមានក្នុងខែសីហាខាងមុខនេះ
សហព័ន្ធឧស្សាហកម្មថៃ បានព្យាករពីការខាតបង់នៃការនាំចេញចន្លោះ ពី ៨០០-៩០០ ពាន់លានបាតឬ ប្រហែល ២៤,៥-២៧,៦ ពាន់លានដុល្លារ ខណៈប្រទេសមួយនេះបរាជ័យធ្ងន់ជាងគេ ក្នុងចំណោម ១៤ប្រទេស គឺថៃ ត្រូវបានអាម៉េរិករក្សាពន្ធដដែល ឈានដល់រដ្ឋមន្ត្រីៗ ទាមទារដក នាយករដ្ឋមន្ត្រីស្តីទី ដែលធ្វើការជាមួយអាមេរិកមិនគ្មានលទ្ធផលល្អ ។
សូមជម្រាបថា អាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ថៃកាលពីឆ្នាំ២០២៤ ដែលមានចំនួន១៨,៣% នៃការនាំចេញសរុប និងឈានដល់តម្លៃ ៥៥ ពាន់លានដុល្លារ។ អាមេរិកបានឲ្យដឹងថា ឱនភាពពាណិជ្ជកម្ម របស់ខ្លួនជាមួយប្រទេសថៃបានកើនដល់ ៤៥,៦ ពាន់ លាន ដុល្លារកាលពីឆ្នាំមុន។
ទន្ទឹមនោះ រដ្ឋាភិបាលថៃបានប្រកាស ត្រៀមកញ្ចប់ហិរញ្ញវត្ថុ ៤០ពាន់លានបាត ឬ ប្រហែល ១,២២ ពាន់លានដុល្លារ ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីការដំឡើងពន្ធ របស់ អាមេរិក។ នេះបើយោងតាម ការ លើកឡើងរបស់ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Paopoom Rojanasakul កាលពីថ្ងៃទី ៩ខែ កក្កដា។ លោក Rojanasakul ក៏បានជំរុញ ឲ្យ ធនាគារកណ្តាលថៃ បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀត ដើម្បីទប់ស្កាត់ផលប៉ះពាល់។ ធនាគារកណ្តាលថៃ រំពឹងថា វិស័យនាំចេញរបស់ថៃអាចធ្លាក់ចុះប្រហែល ៤% នៅឆមាសទីពីរនៃឆ្នាំ ២០២៥ ដែលជំរុញមួយផ្នែកដោយការធ្លាក់ចុះទំនុកចិត្ត របស់អ្នកប្រើប្រាស់ ដែលជាការធ្លាក់ចុះខ្លាំង បំផុតក្នុងរយៈពេលជាង២ ឆ្នាំមកនេះ៕
ដោយ ៖ សិលា