ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដឹកនាំដោយទីស្តីការគណៈរដ្ឋមន្រ្តី និងគណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដឹកនាំដោយក្រសួងយុត្តិធម៌ ដើម្បីធានាប្រសិទ្ធភាពការងារបន្ថែម ទៀត។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលប្រារព្ធនៅ វិមានសន្តិភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ត្រូវសហការចាប់ផ្តើម រៀបចំនីតិវិធីដាក់ឱ្យដំណើរការគណៈកម្មការជំនាញទាំង៤វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចជាលទ្ធផលជាក់ស្ដែងស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាមជំហានយុទ្ធសាស្ត្រទាំងបួនដំណាក់កាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំនិងដាក់ឱ្យដំណើរការគណៈកម្មាធិការជាតិការពារនីត្យានុកូលភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែងនៃការធានាសន្តិសុខគតិយុត្ត និងឯកសណ្ឋានភាព ឬឯកភាព នៃការអនុវត្តច្បាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា គណៈកម្មាធិការដឹកនាំការកទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំនិងដាក់ឱ្យដំណើរការ គណៈកម្មាធិការជាតិភាសាច្បាប់ ដើម្បីធានាសង្គតិភាព និងឯកភាព នៃការប្រើប្រាស់ពាក្យច្បាប់ និងភាសាច្បាប់ ទាំងសម្រាប់នីតិសាមញ្ញ និងនីតិវិសេស។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា ៖ ៩ជាប្រវត្តិសាស្ត្រ ផ្អែកតាមសិលាចារឹកវិជ្ជា បានបង្ហាញថា ប្រទេសកម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងប្រទេស តាំងពីសម័យហ្វូណន សម័យចេនឡា សម័យអង្គរ សម័យក្រោយអង្គរ រហូតដល់ពាក់កណ្តាល សតវត្សទី១៩ គឺមានច្បាប់សម្រាប់ដឹកនាំប្រទេសដែលជាច្បាប់កំពូល គឺ«ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ» ដែលសូម្បីតែព្រះមហាក្សត្របានកំណត់ទុកជាច្បាប់កំពូល និងត្រូវគោរពប្រតិបត្តិ ដោយតម្កល់លើព្រះសិរសា របស់ព្រះអង្គ ទើបមានគុណសម្បត្តិជា ព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកឡើងថា ៖ ផ្អែកលើលក្ខណសម្បត្តិជាប្រវត្តិសាស្ត្រនៃច្បាប់របស់ខ្មែរនេះ បានទុកជាម្លប់ គុណធម៌ ដ៏ត្រជាក់ត្រជំពេញដោយសុភមង្គល សន្តិភាព និងវិបុលភាពជាប្រយោជន៍ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ ដែលចំណុចនេះគូសបញ្ជាក់នូវទស្សនវិជ្ជា ក្នុងទិដ្ឋភាពជានយោបាយផង ជាជំនឿផង ដោយព្រះមហាក្សត្រគឺបដិបត្តិដោយធម៌ ដោយទសពិធរាជធម៌ ៕
ដោយ ៖ សិលា