សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងបានរៀបចំប្រព័ន្ធច្បាប់និងស្ថាប័នរដ្ឋបាលរបស់ខ្លួនឡើងវិញក្រោយចាកផុតពីសង្រ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងបានរៀបចំប្រព័ន្ធច្បាប់និងស្ថាប័នរដ្ឋបាលរបស់ខ្លួនឡើងវិញ នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដោយទទួលយក ជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ជាច្រើនប្រទេសទាំងប្រទេសដែលប្រកាន់យកប្រព័ន្ធបែបបារាំង និងតាមបែបអង់គ្លេស ក្នុងគោលបំណងធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់និងពិភពលោកឱ្យទាន់តាមសភាពការណ៍ចាំបាច់នៃការអភិវឌ្ឍប្រទេសក្នុងសុខសន្តិភាពថ្មីថ្មោងបន្ទាប់ចាកផុតពីសង្រ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលប្រារព្ធនៅ វិមានសន្តិភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាធ្លាប់ មានប្រព័ន្ធច្បាប់សម្រាប់ដឹកនាំសង្គមនិងសេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ ផ្អែកតាមប្រវត្តិសាស្រ្តសិលាចារិក កម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រង និងដឹកនាំប្រទេសតាំងពីសម័យហ្វូណនរហូតដល់សម័យទំនើបភាវូបនីយកម្ម ច្បាប់ខ្មែរតាមបែបបារាំងនៅពាក់កណ្តាលសតវត្សទី១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា កម្ពុជា បានធ្វើទំនើបកម្មច្បាប់ខ្មែរឱ្យរីកដុះដាលជាបណ្តើរៗ ស្របទៅតាមកត្តាប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ និងជំនឿរបស់ប្រជាជនកម្ពុជាផងដែរ ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយនៅតែបន្តកំណត់យកការលើកកម្ពស់និងពង្រឹង ប្រសិទ្ធភាពច្បាប់ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តថា ក្នងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចបាននឹងកំពុងបន្តការយកចិត្ត ទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print