Breaking News ៖ សមាជិករដ្ឋសភា១២៥រូប សម្រេចអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ ពាក់ព័ន្ធ នឹងការដកសញ្ជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អះអាងថា នៅលើពិភពលោកមានជាង១៥០ប្រទេស មានច្បាប់ដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ខណៈនៅអាស៊ានមានប្រទេសដល់ទៅ៩ ដែលមានច្បាប់នេះ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងពីបណ្តាប្រទេសដែលអនុវត្តច្បាប់អំពីការដកសញ្ជាតិពីពលរដ្ឋខ្លួន ដូចជា អាម៉េរិក បារាំង អ៊ីតាលី អង់គ្លេស….ជាដើម ។ល។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ បានបង្ហាញពីការសិក្សាស្រាវជ្រាវលើក្របខណ្ឌច្បាប់របស់បណ្តាប្រទេសនានាលើពិភពលោក ដែលមានច្បាប់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន។

ក្នុងសម័យប្រជុំដើម្បីពិភាក្សា និងអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរ នាព្រឹកថ្ងៃទី១១ ខែកក្កដា នេះ លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ការដកសញ្ជាតិអាចធ្វើបានទាំងលើពលរដ្ឋរបស់ខ្លួន ដែលទទួលបានសញ្ជាតិពីកំណើត ទាំងលើពលរដ្ឋដែលទទួលបានសញ្ជាតិតាមរយៈសញ្ជាតូបនីយកម្ម ឬតាមការទាមទារសញ្ជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកយកមកបង្ហាញថា៖ «ការដកសញ្ជាតិពីពលរដ្ឋដែលទទួលបានសញ្ជាតិពីកំណើត ត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក បារាំង អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ អូទ្រីស អូស្ត្រាលី ហូឡង់ កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា វៀតណាម ជាដើម ហើយក្នុងចំណោមប្រទេសទាំងនេះ ប្រទេសខ្លះបានអនុញ្ញាតឱ្យមានការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនឱ្យក្លាយជាជនគ្មានសញ្ជាតិតែម្តង»។
សម័យប្រជុំនេះ ដឹកនាំដោយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងមានសមាជិកចូលរួម១២៥រូប ដែលស្មើនឹង ១០០ភាគរយ នៃតំណាងរាស្ត្រសរុប មកពីចម្រុះគណបក្សទាំងអស់ មានអាសនៈក្នុងរដ្ឋសភា។
ខ្លឹមសារនៃវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ «ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេសឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេសត្រូវបានរដ្ឋគាំពារ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print