ស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកចំនួនពីរ ក្នុងខេត្តបន្ទាយមានជ័យ ជំនាញកំពុងចុះពិនិត្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោកទីប្រឹក្សាក្រសួងកសិកម្ម ស្រ៊ុន សុខុម និងលោកអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី និងមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកចំនួនពីរ ក្នុងខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួង និងលោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវនៅភូមិសាស្ត្រ ឃុំអូរប្រាសាទ និងឃុំភ្នំតូចនៃស្រុកមង្គលបូរី សង្កាត់ភ្នៀត និងសង្កាត់ម្កាក់នៃក្រុងសិរីសោភ័ណ និងឃុំប្រាសាទនៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរនេះ លោកទីប្រឹក្សាក្រសួងកសិកម្ម បានគូសបញ្ជាក់ថា នៅឆ្នាំនេះទឹកភ្លៀងដើមដៃសំបូរ បើធៀបនឹងឆ្នាំមុនៗ ហើយបានបង្ករផលប៉ះពាល់ដល់ដំណាំដែលទើបដាំដុះចំនួន១១៧ហិកតានៅក្នុងឃុំភ្នំតូច ជាពិសេសនៅចំណុចវាលសារ៉ាយ និងវាលបិតប្រណាក និងឃុំអូរប្រាសាទ ប៉ះពាល់១៦៧ហិកតា នៅចំណុចវាលថ្ងាន់ទ្រេត។ ចំពោះនៅក្រុងសិរីសោភ័ណ នៅសង្កាត់ភ្នៀតប៉ះពាល់ដំណាំស្រូវប្រមាណ៦៩ហិកតា និងខូចខាតចំនួន៣៥ហិកតា និងនៅសង្កាតម្កាក់ទឹកភ្លៀងទើបចាប់ផ្តើមលិច និងប៉ះពាល់ដីស្រែប្រមាណ១៧ហិកតា។ ចំពោះឃុំប្រាសាទនៃស្រុកព្រះនេត្រព្រះ ទឹកភ្លៀងបានប៉ះពាល់ដល់ដំណាំស្រូវប្រមាណ៧០៧ហិកតា។

លោកទីប្រឹក្សាមានប្រសាសន៍បន្ថែមថា នៅឃុំអូរប្រាសាទ និងឃុំភ្នំតូច ដំណាំស្រូវភាគច្រើនកំពុងលូតលាស់ល្អ លើកលែងតែស្រែដែលកសិករទើបព្រោះថ្មីៗអាចប្រឈមនឹងការខូចខាតប្រសិនបើមិនព្យាយាមបូមទឹកចេញ។ ចំពោះស្រែទំនាបដែលមានទឹកដក់ជ្រៅ កសិករមិនអាចដាំដុះកើត និងត្រូវរង់ចាំដាំក្នុងខែកក្កដានេះ ប្រសិនបើមេឃរាំងនិងទឹកស្រកអស់។ ក្នុងករណីមានភ្លៀងជាបន្តបន្ទាប់ទៀត ហើយទឹកមិនស្រក កសិករនឹងរក្សាដីទុកទំនេរ ដោយរង់ចាំធ្វើស្រូវប្រដេញទឹកវិញ។ ដោយឡែកនៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដំណាំស្រូវមានការខូចខាតខ្លះដោយសារទឹកលិចយូរពេក ប៉ុន្តែការខូចខាតមិនកើនឡើងទៀតទេ ព្រោះអាជ្ញាធរមូលដ្ឋានបានកាយផ្តាច់ទំនប់ទឹកមួយកន្លែង និងការពារមិនឱ្យទឹកហៀរចូលផ្នែកខាងលិចផ្លូវ ដែលមានដំណាំស្រូវច្រើន។

ចំពោះសង្កាត់ម្កាក់វិញ ទឹកភ្លៀងទើបចូលថ្មីៗ ប៉ុន្តែមិនលិចលង់ច្រើនទេ ហើយកសិករអាចសង្គ្រោះបានប្រសិនបើព្យាយាមបូបទឹកចេញពីស្រែទាន់ពេលវេលា។ ចំណែកនៅឃុំប្រាសាទ ទឹកហូរពីស្ទឹងចូលតាមព្រែក ដែលបណ្តាលឱ្យខូចស្រូវមួយចំនួន ប៉ុន្តែទឹកអាចនឹងស្រកចុះវិញ ដោយសារអាជ្ញាធរស្រុក និងខេត្ត បានអន្តរាគមន៍កាត់ផ្តាច់ទំបន់ទឹកដែលជារបស់កសិករខ្នាតធំ ដើម្បីរំដោះទឹកទៅបឹងទន្លេសាបនិងបានអន្តរាគមន៍ដាក់របាំងទប់ទឹកមិនឱ្យហូរចូលបន្ថែមពីស្ទឹង។ ប្រសិនបើចាត់វិធានការបានទាន់ពេលវេលា ផ្ទៃដីភាគច្រើននៃផ្ទៃដីប៉ះពាល់នឹងអាចសង្គ្រោះបាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print